ព័ត៌មានអន្តរជាតិ

ការនាំចេញអគ្គិសនីរបស់រុស្ស៊ី ទៅប្រទេសនៅអាស៊ី កើនឡើង

បរទេស៖ លោក Boris Kovalchuk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Inter RAO បាននិយាយកាលពីថ្ងៃពុធថា ថាមពលយក្សរបស់រុស្ស៊ី Inter RAO បានជំរុញការផ្គត់ផ្គង់អគ្គិសនីទៅកាន់ប្រទេសចិន និង ប្រទេសម៉ុងហ្គោលី ឈានដល់កំណត់ត្រាបរិមាណខ្ពស់កាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំចេញថាមពលពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបត្រូវបានបញ្ឈប់កាលពីឆ្នាំមុន។ នៅពេលនោះ ក្រុមហ៊ុន Inter RAO បានរាយការណ៍ថា អ្នកប្រើប្រាស់មិនអាចបង់លុយឱ្យក្រុមហ៊ុនសម្រាប់ការផ្គត់ផ្គង់អគ្គិសនីបានទេ ដោយសារទណ្ឌកម្មរបស់លោកខាងលិចដាក់លើប្រទេសរុស្ស៊ី។

លោក Kovalchuk បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ថា “យើងបានបញ្ឈប់ទាំងស្រុងការផ្គត់ផ្គង់ពាណិជ្ជកម្ម [អគ្គិសនី] ទៅកាន់ប្រទេសនៃសហភាពអឺរ៉ុបចាប់ពីខែមិថុនា ឆ្នាំ ២០២២។ ក្នុងពេលជាមួយគ្នានេះ យើងបានបង្កើនការនាំចេញទៅកាន់ប្រទេសចិន និងម៉ុងហ្គោលីយ៉ាងច្រើន” លោកបានបន្ថែមថាក្រុមហ៊ុនបានកំណត់ “អតិបរមាជាប្រវត្តិសាស្ត្រ” នៅឆ្នាំ ២០២២ សម្រាប់ការនាំចេញអគ្គិសនីទៅកាន់ប្រទេសទាំងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top