ព័ត៌មានអន្តរជាតិ

Update៖ នេប៉ាល់ កំពុងបន្តទាញយក ទិន្នន័យពីប្រអប់ខ្មៅ របស់យន្តហោះ ដែលបានធ្លាក់

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា ក្រសួងដឹកជញ្ជូន ហៅកាត់ថា (MOT) កំពុងជួយអាជ្ញាធរនេប៉ាល់ ក្នុងការទាញយក និងដំណើរការទិន្នន័យ ពីប្រអប់កត់ត្រា របស់ជើងហោះហើរ Yeti Airlines 691 ដែលបានធ្លាក់នៅទីក្រុង Pokhara កាលពីថ្ងៃទី១៥ ខែមករា ។

ការធ្វើបែបនេះបានកើតឡើងតាមសំណើ របស់អាជ្ញាធរស៊ើបអង្កេត នៅក្នុងប្រទេសនេប៉ាល់ អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ។

ដំណើរការនេះនឹងត្រូវបានអនុវត្តនៅការិយាល័យស៊ើបអង្កេតសុវត្ថិភាពដឹកជញ្ជូនរបស់ក្រសួង MOT (TSIB) ដែលជាកន្លែងទាញយកទិន្នន័យពីឧបករណ៍កត់ត្រាការហោះហើរដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ។

អ្នកនាំពាក្យមកពីក្រសួងខាងលើបានបញ្ជាក់ថា “រាល់ព័ត៌មានដែលទាក់ទងនឹងការស៊ើបអង្កេត រួមទាំងវឌ្ឍនភាពនៃការស៊ើបអង្កេត និងការរកឃើញ នឹងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរស៊ើបអង្កេតនេប៉ាល់” ។

ឧបករណ៍ថតសំឡេងហោះហើរ ដែលគេស្គាល់ជាទូទៅថា ជាប្រអប់ខ្មៅ គឺជាឧបករណ៍ថតសំឡេងអេឡិចត្រូនិក ដែលដាក់ក្នុងយន្តហោះ ដើម្បីជួយក្នុងការស៊ើបអង្កេតគ្រោះថ្នាក់ និងឧបទ្ទវហេតុអាកាសចរណ៍ ។

វារក្សាសំឡេងម៉ាស៊ីន ការព្រមានឧបករណ៍ និងការថតសំឡេងផ្សេងទៀតក្នុងអំឡុងពេលហោះហើរ ។ វាក៏មានឧបករណ៍ថតសំឡេងនៅកាប៊ីនយន្ដហោះដែលចាប់យក និងរក្សាទុកសញ្ញាសំឡេងពីមីក្រូហ្វូន និងកាសស្តាប់ត្រចៀករបស់អ្នកបើកយន្តហោះប្រើផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top