រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីន (PA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ចប់ការសម្របសម្រួល ផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងការ សម្លាប់ជនជាតិប៉ាឡេស្ទីន ៩នាក់នៅទីក្រុង Jenin ភាគខាងលិចប្រទេស។
លោក Nabil Abu Rudeineh អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមើលឃើញពីការឈ្លានពាន ម្តងហើយម្តងទៀតប្រឆាំងនឹង ប្រជាជនរបស់យើង និងការធ្វើឱ្យខូចដល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា យើងចាត់ទុកថាការសម្របសម្រួល ផ្នែកសន្តិសុខជាមួយរដ្ឋាភិបាល កាន់កាប់របស់អ៊ីស្រាអែល លែងមានទៀតហើយ” ។
ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំបន្ទាន់នៃ គណៈកម្មាធិការប្រតិបត្តិ នៃអង្គការរំដោះប៉ាឡេស្ទីន (PLO) គណៈកម្មាធិការកណ្តាល Fatah និងរដ្ឋាភិបាលប៉ាឡេស្ទីន។ កិច្ចប្រជុំនេះដឹកនាំដោយ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ។
នៅព្រឹកថ្ងៃដដែល កម្លាំងទាហានអ៊ីស្រាអែល បានសម្រុកចូលជំរំជនភៀសខ្លួន Jenin នៅភាគខាងជើងតំបន់ West Bank ហើយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩នាក់ រួមទាំងស្ត្រីចំណាស់ម្នាក់ និងរងរបួស ១៦នាក់ ក្នុងនោះ ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Abu Rudeineh បានអំពាវនាវដល់ក្រុមបក្សពួកប៉ាឡេស្ទីន សម្រាប់ការតស៊ូដ៏ពេញនិយម ដោយសន្តិវិធីបន្ថែមទៀត “ដើម្បីការពារប៉ាឡេស្ទីន និងសមត្ថភាពរបស់ពួកគេក្នុងការ ប្រឈមមុខនឹងអំពើភេរវកម្មតាំងទីលំនៅថ្មី និងកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល” ៕
ប្រែសម្រួល ឈូក បូរ៉ា