ព័ត៌មានអន្តរជាតិ

កងកម្លាំងពិសេស របស់អាមេរិកនៅសូម៉ាលី វាយឆ្មក់សម្លាប់មេបញ្ជាការ ជាន់ខ្ពស់ក្រុមភេរវកររដ្ឋឥស្លាម និងយុទ្ធជន ១០នាក់ទៀត

បរទេស៖ មន្ទីរបញ្ចកោណបានអះអាងថា មេបញ្ជាការជាន់ខ្ពស់ ជាមួយក្រុមភេរវកររដ្ឋឥស្លាម (IS ដែលពីមុនជា ISIS) ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ របស់កងកម្លាំងពិសេសរបស់ សហរដ្ឋអាមេរិកនៅក្នុងប្រទេសសូម៉ាលី ដោយបន្ថែមថា សកម្មប្រយុទ្ធបានដើរតួយ៉ាងសំខាន់ ក្នុងការរៃអង្គាសថវិកាសម្រាប់ កោសិកាជីហាដដ៏ល្បីល្បាញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសប្រតិបត្តិការ កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា វាបានធ្វើឡើងនៅភាគខាងជើង ប្រទេសសូម៉ាលីមួយថ្ងៃមុន ហើយ “បានបណ្តាលឱ្យសមាជិក ISIS មួយចំនួនស្លាប់” ក្នុងចំណោមពួកគេ មេដឹកនាំតំបន់ Bilal al-Sudani និងយុទ្ធជន ១០នាក់ផ្សេងទៀត។

លោក Austin បាននិយាយថា “មេបញ្ជាការទទួលខុសត្រូវ ក្នុងការជំរុញវត្តមានរបស់ ISIS ដែលកំពុងកើនឡើងនៅក្នុងទ្វីបអាហ្រ្វិក និងសម្រាប់ការផ្តល់មូលនិធិ ដល់ប្រតិបត្តិការរបស់ក្រុមនេះ នៅទូទាំងពិភពលោក រួមទាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ” ដោយលោកបានចោទថា al-Sudani គឺជា “អ្នកសម្របសម្រួលដ៏សំខាន់” នៅក្នុង “បណ្តាញសកល” របស់រដ្ឋអ៊ីស្លាម។

ប្រមុខមន្ទីរបញ្ចកោណរូបនេះ បានបន្តអះអាងថា បេសកកម្មរបស់សហរដ្ឋអាមេរិក មិនបណ្តាលឱ្យមានជនស៊ីវិល ស្លាប់បាត់បង់ជីវិតនោះទេ ខណៈដែលទីបញ្ជាការអាហ្រ្វិក (AFRICOM) របស់យោធាបានកត់សម្គាល់ថា ការវាយឆ្មក់ត្រូវបានធ្វើឡើងនៅក្នុង “ទីតាំងដាច់ស្រយាល” ហើយទំនងជាមិនមានជនស៊ីវិល ណាម្នាក់រងរបួសនោះទេ។ លោកថា គ្មានកងទ័ពអាមេរិកណាម្នាក់រងគ្រោះថ្នាក់នោះទេ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះដែលដកស្រង់ដោយ CNN ៕

ប្រែសម្រួលៈ ណៃ តុលា

To Top