ព័ត៌មានអន្តរជាតិ

រដ្ឋមួយរបស់ណាតូ បង្ហាញកញ្ចប់អាវុធដ៏ធំរបស់ខ្លួន សម្រាប់ឱ្យអ៊ុយក្រែន

បរទេស៖ ប្រទេសបែលហ្ស៊ិក បានអនុញ្ញាតឱ្យផ្តល់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៩២ លានអឺរ៉ូ (១០០ លានដុល្លារ) ដែលជាការផ្ទេរអាវុធដ៏ធំបំផុត របស់ប្រទេសនេះចាប់តាំងពីជម្លោះ ជាមួយរុស្ស៊ីបានចាប់ផ្តើមកាលពីឆ្នាំមុន។ សព្វាវុធនឹងរួមមានគ្រាប់រំសេវ ប្រឆាំងយន្តហោះ រថពាសដែក និងគ្រាប់បែកដៃប្រឆាំងរថក្រោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិករបស់អង្គការណាតូ បានប្រកាសពីការសម្រេចចិត្តនេះកាលពីថ្ងៃសុក្រ ដោយក្រុមមន្ត្រីបានកត់សម្គាល់ថា អាវុធមួយចំនួននឹងមកពីស្តុក របស់ប្រទេសបែលហ្ស៊ិកដែលមានស្រាប់ ខណៈដែលផ្នែកដែលនៅសល់ នឹងត្រូវទិញដោយផ្ទាល់ ពីឧស្សាហកម្មអាវុធ។

នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បានប្រាប់អ្នកយកព័ត៌មានថា “ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនេះ ប្រទេសរបស់យើងបានខិតខំ ប្រឹងប្រែងជាច្រើនដើម្បីគាំទ្រអ៊ុយក្រែន” ។ សរុបមក ប្រទេសរបស់យើងបាន ផ្តល់ជំនួយយោធាចំនួន ១៤៦ លានអឺរ៉ូរួចហើយ។ ថ្ងៃនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចចិត្ត បញ្ជូនកញ្ចប់ថវិកាថ្មីចំនួន ៩២លានអឺរ៉ូថែមទៀត ជាជំនួយយោធាដល់អ៊ុយក្រែន។

ខណៈពេលដែលរដ្ឋមន្ត្រីការពារជាតិ លោកស្រី Ludivine Dedonder បានបដិសេធមិនផ្តល់តួលេខជាក់លាក់ សម្រាប់អ្វីដែលទីក្រុងគៀវនឹងទទួលបាននោះ លោកស្រីបាននិយាយថា កញ្ចប់ជំនួយនឹងរួមមានគ្រាប់បែកដៃ គ្រាប់រំសេវ កាំជ្រួចប្រឆាំងយន្តហោះ អាវុធប្រឆាំងរថក្រោះ រថពាសដែកធុនស្រាល កាំភ្លើងយន្ត និងកាំភ្លើងវាយប្រហារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top