ប៉េកាំង៖ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធថា ពួកគេនឹងបញ្ជូនរថក្រោះប្រយុទ្ធកម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន ដោយបញ្ចប់ភាពជាប់គាំង ដែលអាល្លឺម៉ង់ ដែលស្ទាក់ស្ទើរពីមុនបានរកឃើញថា ខ្លួនស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យដឹកជញ្ជូនរថក្រោះ ទៅកាន់អ៊ុយក្រែន។
ខណៈពេលដែលក្រុងគៀវ ស្វាគមន៍រថក្រោះដោយរំពឹងថា ពួកគេនឹងក្លាយជាអ្នកផ្លាស់ប្តូរ ហ្គេមក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី អ្នកវិភាគបានសម្តែងការព្រួយបារម្ភថា អាវុធធុនធ្ងន់បែបនេះអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ដោយបានព្រមានអំពីលទ្ធភាពនៃសង្គ្រាមផ្ទាល់រវាងរុស្ស៊ី និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ។
កាលពីថ្ងៃពុធ រដ្ឋាភិបាលអាល្លឺម៉ង់មិនត្រឹមតែយល់ព្រមផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះប្រយុទ្ធ Leopard 2 ចំនួន ១៤គ្រឿងពីស្តុកផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយល់ព្រមពីបណ្តាប្រទេសអតិថិជនរបស់ខ្លួនធ្វើដូចគ្នាផងដែរ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅឯកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំងថា “យើងកំពុងធ្វើសកម្មភាពក្នុងលក្ខណៈសម្របសម្រួលយ៉ាងជិតស្និទ្ធជាអន្តរជាតិ” ។
ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា រដ្ឋបាលរបស់លោកនឹងផ្តល់រថក្រោះ M1 Abrams ផលិតដោយសហរដ្ឋអាមេរិកចំនួន ៣១គ្រឿង ដល់អ៊ុយក្រែន។ មួយថ្ងៃក្រោយមក ក្រសួងការពារជាតិកាណាដាបានប្រកាសថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន ៤ គ្រឿងទៅកាន់អ៊ុយក្រែន ហើយកំពុងពិចារណាបញ្ជូនបន្ថែមទៀតនៅពេលក្រោយ។
មុនការផ្គត់ផ្គង់ដែលបានសន្យាចុងក្រោយនេះ ប្រទេសណាតូមួយចំនួនផ្សេងទៀតបានប្រកាសបង្កើនការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ជាពិសេសអាវុធធុនធ្ងន់៕
ប្រែសម្រួល ឈូក បូរ៉ា