តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងហូឡង់បានរាយការណ៍ថា ប្រទេសជប៉ុន និងហូឡង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការកំណត់ការនាំចេញបច្ចេកវិទ្យា semiconductor កម្រិតខ្ពស់ទៅកាន់ប្រទេសចិន។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេ ចបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីខែតុលា បានបង្ហាញការត្រួតពិនិត្យការនាំចេញយ៉ាងទូលំទូលាយ នៅលើបន្ទះឈីបកម្រិតខ្ពស់មួយចំនួន ដែលអាចត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីបណ្តុះបណ្តាលប្រព័ន្ធបញ្ញាសិប្បនិមិត្ត និងថាមពលកម្រិតខ្ពស់នៃកម្មវិធីយោធា និងការឃ្លាំមើល។
គរហទំព័រ Bloomberg បានចុះផ្សាយថា វាអាចចំណាយពេលជាច្រើនខែ សម្រាប់ប្រទេសជប៉ុន និងហូឡង់ ដើម្បីអនុវត្តការរឹតបន្តឹង ខណៈដែលពួកគេត្រូវការរៀបចំច្បាប់ក្នុងស្រុក។
នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើការប្រកាសនៅពេលដែលកិច្ចពិភាក្សាត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកបានបញ្ជាក់ក្នុងអំឡុងសន្និសីទសារព័ត៌មានថា មន្ត្រីជប៉ុន និងហូឡង់បាននៅក្នុងទីក្រុងវ៉ាស៊ីនតោនសម្រាប់ “ការពិភាក្សាដ៏មានតម្លៃពីរបីថ្ងៃ” លើបញ្ហាជាច្រើនដែលមានសារៈសំខាន់ សម្រាប់ប្រទេសទាំងបី និង “ប្រាកដណាស់សុវត្ថិភាព និងសុវត្ថិភាពនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើនក្នុងរបៀបវារៈនោះ”។
នៅពេលដែលការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាខ្ពស់ រវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំង ប្រទេសជប៉ុនបានរកឃើញថាមានការចាប់បានរវាងសម្ព័ន្ធមិត្តសន្តិសុខរបស់ខ្លួន និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដែលពឹងផ្អែកលើការនាំចូលបន្ទះឈីប និងឧបករណ៍កម្រិតខ្ពស់ដើម្បីផលិតផលិតផលផ្សេងៗ។
ជាការឆ្លើយតបទៅនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកកាលពីខែធ្នូ ដោយលើកហេតុផលថា ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុង “បំពាន” វិធានការគ្រប់គ្រងរបស់ខ្លួនដោយពង្រីកគំនិតនៃសន្តិសុខជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា