ព័ត៌មានអន្តរជាតិ

FBI រឹបអូសសៀវភៅ កត់ត្រា របស់ប្រធានាធិបតី Joe Biden

បរទេស ៖ សៀវភៅកត់ត្រា ដែលប្រធានាធិបតី អាមេរិក លោក Joe Biden រក្សាទុកក្នុងកំឡុងពេលលោក ជាអនុប្រធានាធិបតី គឺស្ថិតក្នុងចំណោមរបស់ដែល FBI រឹបអូសបានក្នុងអំឡុង ពេលឆែកឆេរផ្ទះ របស់លោក កាលពីសប្តាហ៍មុន ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតលើការ ចាត់ចែងឯកសារមិនត្រឹមត្រូវរបស់គាត់, នេះបើតាមអ្នក​ដឹងអំពីការ ​ស៊ើបអង្កេត​បាន​ប្រាប់ NBC ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមការចេញផ្សាយ របស់ទូរទស្សន៍ NBC កាលពីថ្ងៃសៅរ៍ថា ទោះបីមិនត្រូវបានសម្គាល់ថា ត្រូវបានចាត់ថ្នាក់ក៏ដោយ ក៏សៀវភៅកត់ត្រា ទាំងនោះត្រូវបានគេយក ព្រោះវាមានការសរសេរ ទាក់ទងនឹងរឿងរ៉ាវផ្លូវការ របស់លោក Biden នៅក្នុងរដ្ឋបាលលោក Obama រួមទាំងព័ត៌មានលម្អិត នៃទំនាក់ទំនងការទូតផងដែរ។

ប្រភពបាននិយាយថា សៀវភៅកត់ត្រា គឺជាការលាយបញ្ចូលគ្នា នៃកំណត់ត្រាលើប្រធាន បទផ្ទាល់ខ្លួន និងផ្លូវការ ដោយបន្ថែមថា ទំព័រដែលមិនមានទិន្នន័យ រសើប ក៏អាចចាត់ទុកថា ជាកម្មសិទ្ធិរបស់រដ្ឋនៅក្រោមច្បាប់ កំណត់ត្រាប្រធានាធិបតីផងដែរ ព្រោះវាទាក់ទង នឹងសកម្មភាព របស់រដ្ឋាភិបាល ។

បុគ្គលនោះបាននិយាយថា លោក Biden មានសៀវភៅកត់ត្រាមួយចំនួន “ធំ” ប៉ុន្តែមិនអាចផ្តល់តួលេខពិតប្រាកដបានទេ។

នៅពេលនិយាយ អំពីសៀវភៅកត់ត្រា អ្នកនាំពាក្យរបស់មេធាវីផ្ទាល់ខ្លួន របស់លោក Biden លោក Bob Bauer បាននិយាយថា “ស្របតាមទស្សនៈ របស់យើងចំពោះតម្រូវការ នៃកិច្ចសហប្រតិបត្តិការ របស់យើងជាមួយក្រសួង យុត្តិធម៌ក្នុងបញ្ហានេះ យើងនឹងមិនធ្វើអត្ថាធិប្បាយ លើភាពត្រឹមត្រូវ នៃរបាយការណ៍ នៃលក្ខណៈនេះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top