ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសជាង ៨០០នាក់ នៅក្នុងហេតុការណ៍រញ្ជួយដីកម្រិត​ ៥,៩រ៉ីចទ័រ នៅភាគពាយព្យ នៃប្រទេសអ៊ីរ៉ង់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា កាលពីយប់ថ្ងៃសៅរ៍ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង៨១៦នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត West Azarbaijan ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ។

គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ៩និង៤៤នាទីយប់ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១៨និង១៤នាទីម៉ោងសកល ដោយមានជម្រៅ៧គីឡូម៉ែត្រ ជាមួយនឹងចំណុចកណ្តាល របស់វានៅឯស្រុក Khoy ។

មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដី របស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ការរញ្ជួយដីជាច្រើនបានកើតឡើង បន្ទាប់ពីការរញ្ជួយដីដ៏ធំបំផុត ជាមួយនឹងកម្រិតដ៏ធំបំផុត ដែលមានកម្រិត ៤,២រ៉ិចទ័រ ។

គ្រោះរញ្ជួយដីក៏បាននាំឱ្យ ដាច់ចរន្តអគ្គិសនីនៅស្រុក Khoy ផងដែរ ។

យោងតាមរបាយការណ៍ ពីតំបន់រងគ្រោះដោយរញ្ជួយដី ទំហំនៃការខូចខាតនៅតំបន់ជនបទ ត្រូវបានគេប៉ាន់ស្មានថា មានកម្រិតធ្ងន់ធ្ងរ ។

គួរបញ្ជាក់ថា នេះគឺជាការរញ្ជួយដីដ៏ធំលើកទី២ របស់ខេត្តនេះនៅក្នុងរយៈពេល ២សប្តាហ៍។ គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារខេត្ត Khoy កាលពីថ្ងៃទី១៩ ខែមករា បណ្តាលឲ្យមនុស្សជាង ១៩០នាក់រងរបួស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top