បរទេស៖ នៅក្នុងការវាយប្រហារ ចុងក្រោយមួយដោយប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត HIMARS ដែលផលិតនៅអាមេរិកនោះ កងកម្លាំងយោធាអ៊ុយក្រែន បានធ្វើឲ្យមានការបាត់បង់ជីវិតមនុស្សដល់ទៅ ១៤នាក់និង២០នាក់ទៀត រងរបួសនៅក្នុងអគារមន្ទីរពេទ្យ មួយកន្លែងក្នុងតំបន់ Donbass។
រដ្ឋាភិបាលទីក្រុងមូស្គូ ដែលបានចេញមកធ្វើប្រតិកម្ម ចំពោះហេតុការណ៍នេះបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងគៀវ និងរដ្ឋាភិបាលលោកខាងលិច ដែលជាអ្នកគាំទ្រពីក្រោយនោះ គឺជាអ្នកទទួលសខុសត្រូវ ចំពោះការវាយប្រហារដ៏អាក្រក់ មកលើជីវិតរបស់ពលរដ្ឋស៊ីវិលក្នុងតំបន់ Donbass ហើយនោះគឺជា អ្វីដែលយើងហៅថាជាឧក្រិដ្ឋកម្មសង្គ្រាម ដែលមិនអាចជៀសបាននូវការប្រឈមមុខ ទៅនឹងទោសទណ្ឌឡើយ ។
រំលឹកដែរថា នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកនេះកងកម្លាំងយោធារបស់ ប្រទេសអ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ូក្កែត ដែលផលិតនិងឧបត្ថម្ភដោយអាមេរិក HIMARS បាញ់តំរង់ទីតាំងមន្ទីរពេទ្យក្នុងទីក្រុង Novaaydar ដែលជាលទ្ធផលមនុស្ស ១៤នាក់ បានស្លាប់ហើយ ២៤នាក់រងរបួស ។
ក្រសួងការបរទេសរបស់ប្រទេសរុស្សី ក៏បានអះអាងដែរថាអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធតាមដានទំនើប របស់លោកខាងលិច តាមរយៈបច្ចេកវិទ្យាផ្កាយរណប ក្នុងការកំណត់គោលដៅ យកមន្ទីរពេទ្យនេះហើយ ជាប្រតិបត្តិការដែលក្នុងនោះ មានការជួយជ្រោមជ្រែងពីសំណាក់ សមាជិកកងកម្លាំងអង្គការណាតូផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី