ព័ត៌មានអន្តរជាតិ

អាមេរិក ចោទកូរ៉េខាងជើងថា បានផ្គត់ផ្គង់គ្រាប់មីស៊ីល និងរ៉ុក្កែត ដល់ក្រុមយោធាឯកជនរបស់រុស្ស៊ី Wagner

បរទេស៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យបានបដិសេធ ការផ្តល់អាវុធដល់ទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងមីស៊ីល ដល់ក្រុមយោធាឯកជនរបស់រុស្ស៊ី Wagner ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងក្រុមយោធាឯកជនរបស់រុស្ស៊ីឈ្មោះ Wagner ថាជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែន” ដោយលើកឡើងពីទំនាក់ទំនងអាវុធ របស់ក្រុមនេះជាមួយទីក្រុងព្យុងយ៉ាង ដោយរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

សេតវិមានបានបង្ហាញរូបថត ដែលបានមកពីការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិកអំពី រថភ្លើងរបស់រុស្ស៊ីដែលចូលមក ប្រទេសកូរ៉េខាងជើង ដោយបានផ្ទុកគ្រាប់រ៉ុក្កែត និងមីស៊ីល ហើយត្រឡប់ទៅប្រទេសរុស្ស៊ីវិញ, នេះបើយោងតាមអ្នកនាំពាក្យ សន្តិសុខជាតិរបស់អាមេរិក គឺលោក John Kirby ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែល ធ្វើឡើងដោយទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ, មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបាន ច្រានចោលការចោទប្រកាន់នេះ ដោយព្រមានថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹង “លទ្ធផលដែលមិនចង់បាន” ប្រសិនបើអាមេរិកនៅតែបន្តផ្សព្វផ្សាយ “ពាក្យចចាមអារ៉ាមដែល បង្កើតដោយខ្លួនឯងបែបនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top