ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងឈរលើផ្លូវឆ្ពោះទៅកាន់ សង្គ្រាមដោយផ្ទាល់ ជាមួយរុស្ស៊ីហើយ

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា សហរដ្ឋអាមេរិក ប្រថុយនឹង “ការប្រឈមមុខដាក់គ្នាដោយផ្ទាល់” ជាមួយទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងថា សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ អាចនឹងមិនត្រូវបានបន្ត។

លោក Ryabkov បានធ្វើអត្ថាធិប្បាយក្នុងអំឡុង កិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន RIA នៅពេលសួរអំពីលទ្ធភាព នៃការបន្តការត្រួតពិនិត្យឡើងវិញ ក្រោមសន្ធិសញ្ញា START ថ្មី។ សន្ធិសញ្ញានេះផុតកំណត់នៅឆ្នាំ២០២៦ ប៉ុន្តែការត្រួតពិនិត្យត្រូវបាន លុបចោលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើង។

លោក​បាន​បន្ត​ថា សន្ធិសញ្ញា​នេះ​មាន​គោល​បំណង​ ពង្រឹង​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​ដោយ​ផ្អែក​លើ “ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក” និង​គោលការណ៍​សន្តិសុខ។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះត្រូវបាន “រំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងឃោរឃៅបំផុតដោយសកម្មភាព របស់អាមេរិកក្នុងការដោះស្រាយអ្វីដែលគេហៅថា “សំណួររបស់រុស្ស៊ី” តាមរយៈការទប់ស្កាត់យ៉ាងខ្លាំងក្លា។

លោក Ryabkov បានលើកឡើងថា នេះមានន័យថា “យើងជិតឈានដល់ការប៉ះទង្គិចគ្នា ដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអង្គការណាតូជាមួយរុស្ស៊ី” ។ លោកបានពិពណ៌នាថាជា “សេណារីយ៉ូ ដែលអាចធ្វើទៅបាន” ដែលប្រហែលជាមិនមានសន្ធិសញ្ញា គ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីឆ្នាំ២០២៦ ។

លោកបានបន្ថែមថា “យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់សេណារីយ៉ូបែបនេះ” ដោយទទូចថាការបញ្ចប់នៃសន្ធិសញ្ញានេះ “មិនមែនជាជម្រើសរបស់យើងនោះទេ ហើយវាជាការប្រសើរបំផុត ក្នុងការធ្វើដំណើរលើផ្លូវផ្សេង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top