ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងថា អតីតនាយករដ្ឋមន្រ្តីអង់គ្លេស និយាយកុហក រឿងលោក ពូទីន គំរាមសម្លាប់ដោយប្រើមីស៊ីល

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ការចោទប្រកាន់ដែលថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ជាមួយនឹងការវាយប្រហារដោយមីស៊ីល គឺជា “ការកុហក” ។ ការចោទប្រកាន់របស់ ចនសុន បានលេចចេញនៅក្នុងភាពយន្តឯកសារថ្មីរបស់ BBC អំពីវិបត្តិនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយរំលឹកអំពីការហៅទូរស័ព្ទ ជាមួយលោកពូទីននៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រឹមតែជាងបីសប្តាហ៍មុនពេលភាពតានតឹង លើអ៊ុយក្រែនកើនឡើងជា សកម្មភាពយោធាពេញលេញ, លោក ចនសុន បានអះអាងថា មេដឹកនាំរុស្ស៊ី “បានគំរាមកំហែងខ្ញុំនៅចំណុចមួយ” ។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានប្រាប់ទូរទស្សន៍អង់គ្លេសថា “គាត់បាននិយាយថា “លោក បូរីស ខ្ញុំមិនចង់ធ្វើឱ្យអ្នកឈឺចាប់ទេ ប៉ុន្តែជាមួយនឹងមីស៊ីល វានឹងចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ” ឬអ្វីមួយបែបនោះ… គួរឱ្យអស់សំណើច” ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “មិនមានការគំរាមកំហែងដោយមីស៊ីលទេ” ។ “នៅពេលដែលគាត់បានពន្យល់ពី បញ្ហាប្រឈមចំពោះសន្តិសុខ របស់សហព័ន្ធរុស្ស៊ី លោកប្រធានាធិបតីពូទីន បានកត់សម្គាល់ថា ប្រសិនបើអ៊ុយក្រែនចូលរួម ជាមួយអង្គការណាតូ ការដាក់ពង្រាយសក្តានុពលរបស់អង្គការណាតូ ឬមីស៊ីលរបស់អាមេរិក នៅតាមព្រំដែនរបស់យើង នោះនឹងមានន័យថា មីស៊ីលណាមួយអាចទៅដល់ទីក្រុងមូស្គូ ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top