ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះយោធា នៅភាគខាងជើងវៀតណាម បណ្តាលឲ្យស្លាប់ពីឡុតម្នាក់

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អ្នកបើកយន្តហោះម្នាក់បានស្លាប់នៅគ្រាដែលយន្តហោះចម្បាំងរបស់កងទ័ពអាកាសវៀតណាមបានធ្លាក់អំឡុងពេលហ្វឹកហាត់នៅថ្ងៃអង្គារនេះ នៅភាគខាងជើងនៃប្រទេស ។

ទីភ្នាក់ងារព័ត៌មានវៀតណាមផ្លូវការបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលថ្ងៃត្រង់នៅក្នុងខេត្ត Yen Bai ហើយអ្នកបើកយន្តហោះអាយុ៣០ឆ្នាំបានស្លាប់ខណៈគ្រាដែលព្យាយាមចុះចតយន្តហោះចម្បាំង Su-22 ដែលផលិតដោយរុស្ស៊ីនៅឯអាកាសយានដ្ឋានក្នុងស្រុក ។

ក្រសួងការពារជាតិវៀតណាម បានបើកការស៊ើបអង្កេតលើមូលហេតុនៃឧបទ្ទវហេតុនេះ ។

អាកាសយានិក២នាក់ត្រូវបានស្លាប់នៅក្នុងសមយុទ្ធស្រដៀងគ្នាដែលពាក់ព័ន្ធនឹងយន្តហោះ Su-22 នៅភាគកណ្តាលប្រទេសវៀតណាមក្នុងឆ្នាំ២០១៨ ខណៈដែល២នាក់ត្រូវបានបង្ខំឱ្យទម្លាក់ពីលើសមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០១៥ នៅគ្រាដែលយន្តហោះ Su-22 របស់ពួកគេបានធ្លាក់ ។

ប្រទេសវៀតណាម ពឹងផ្អែកខ្លាំងលើរុស្ស៊ីសម្រាប់លទ្ធកម្មយោធារបស់ខ្លួន ទោះបីជាខ្លួនកំពុងស្វែងរកការធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់ឧបករណ៍ និងសព្វាវុធរបស់ខ្លួនក៏ដោយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top