ព័ត៌មានអន្តរជាតិ

ឥទ្ធិពល​អាមេរិក ​នៅ​មជ្ឈិមបូព៌ា​ធ្លាក់ចុះ​ ដោយសារ​គោលនយោបាយ​លម្អៀង

គ៊ែរ៖ សហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើនវត្តមានរបស់ខ្លួន នៅមជ្ឈិមបូព៌ា តាមរយៈដំណើរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការយោធា។

អ្នកវិភាគអេហ្ស៊ីបបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលរបស់វាទៅលើតំបន់បានធ្លាក់ចុះ ដោយសារតែសង្គ្រាមរយៈពេលជាច្រើនទស្សវត្ស ដែលបង្កការបំផ្លិចបំផ្លាញដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ “គោលនយោបាយអយុត្តិធម៌” របស់ខ្លួនលើជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល និងកត្តាផ្សេងៗទៀត។

លទ្ធិប្រជាធិបតេយ្យប្រើសម្រាប់អនុត្តរភាព របស់សហរដ្ឋអាមេរិកក្នុងនាមលទ្ធិប្រជាធិបតេយ្យ និងសេរីភាព សហរដ្ឋអាមេរិក បានធ្វើសង្គ្រាមដ៏ឃោរឃៅនៅមជ្ឈិមបូព៌ា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន និងធ្វើឱ្យមនុស្សមួយចំនួនធំផ្លាស់ទីលំនៅ។

ក្រុមអ្នកសង្កេតការណ៍ជឿថា អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក មិនមានជាប់ពាក់ព័ន្ធនឹងអ្វីដែលគេហៅថា លទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែមានគោលបំណង សម្រាប់អនុត្តរភាពសកល និងតំបន់របស់ខ្លួន។

អ្នកជំនាញខាងនយោបាយអេហ្ស៊ីប លោក Akram Hossam បានប្រាប់កាសែតស៊ិនហួនាពេលថ្មីៗនេះថា “ហេតុផលចម្បង សម្រាប់ការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកសាងមជ្ឈឹមបូព៌ាថ្មីឡើងវិញ” គឺដើម្បីទទួលបានអត្ថប្រយោជន៍ពីទុនបម្រុងប្រេងដ៏ធំនៅក្នុងតំបន់ គ្រប់គ្រងខ្សែនាវាចរណ៍អន្តរជាតិ និងធានាអ៊ីស្រាអែល។ ហើយសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាម សម្រេចគោលដៅរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយមិនពិត នូវគោលការណ៍ប្រជាធិបតេយ្យ និងសេរីភាព។

សហរដ្ឋ​អាមេរិក​កំពុង​ឈ្លក់​វង្វេង ​នឹង​ការ​រក្សា​ប្រព័ន្ធ​គ្មាន​ប៉ូឡា​ ដោយ​បង្កើន​អំណាច​យោធា និង​នយោបាយ។ លោកបានលើកឡើងថា ហើយអន្តរាគមន៍យោធា ដែលបរាជ័យរបស់ខ្លួន នៅក្នុងប្រទេសដូចជា អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន បានបំផ្លាញមុខមាត់របស់ខ្លួនជាលទ្ធិប្រជាធិបតេយ្យ។

លោកបានបន្ថែមថា “សង្រ្គាមនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់បានវាយលុកដល់ទ្រឹស្តីប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក ហើយបានបង្ហាញថា មហាអំណាចលោកខាងលិចអាចប្រើប្រាស់អំណាច និងអន្តរាគមន៍ដោយមិនប្រុងប្រយ័ត្ន ក្នុងកម្រិត ដែលវាបណ្តាលឱ្យមានអស្ថិរភាព”។

លោក Hamid Faris សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Misr University for Science and Technology បាននិយាយថា សហរដ្ឋអាមេរិក បានដកថយពីប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាការដកទ័ពរបស់ខ្លួន ចេញពីអ៊ីរ៉ាក់ និងស៊ីរី ជាសញ្ញាថាទីក្រុងវ៉ាស៊ីនតោន បានជំពប់ដួលលើគោលនយោបាយមជ្ឈិមបូព៌ារបស់ខ្លួន។

គោលនយោបាយមជ្ឈិមបូព៌ា ដែលបន្តដោយសេតវិមានបច្ចុប្បន្ន គឺមិនខុសពីរដ្ឋបាលពីមុនទេ។ លោក Faris បានបន្ថែមថា ទោះបីជាមានសង្រ្គាមនៅក្នុងតំបន់ក៏ដោយ ក៏សហរដ្ឋអាមេរិកមិន ដែលទទួលបានសន្តិសុខ ស្ថិរភាព និងវិបុលភាព ដូចដែលខ្លួនបានសន្យានោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top