ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន បន្ទោសអ៊ីស្រាអែល ចំពោះភាពតានតឹង ក្នុងជំនួបជាមួយលោក Blinken

រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃអង្គារ បានប្រាប់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken ថា រដ្ឋាភិបាលអ៊ីស្រាអែល «ទទួលខុសត្រូវទាំងស្រុង ចំពោះភាពតានតឹង និងអំពើហិង្សានាពេលបច្ចុប្បន្ន នៅក្នុងទឹកដីប៉ាឡេស្ទីន”។

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា លោក Abbas បានធ្វើការ កត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ច ប្រជុំមួយដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល របស់ប្រធានាធិបតី នៅទីក្រុងរ៉ាម៉ាឡា ជាមួយលោក Blinken ដែលកំពុងបំពេញ ទស្សនកិច្ចនៅមជ្ឈិមបូព៌ា រយៈពេល ៣ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។

លោក Abbas ត្រូវបានគេដកស្រង់សម្តីថា “រដ្ឋាភិបាលអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុង ចំពោះភាពយ៉ាប់យ៉ឺននៅលើមូលដ្ឋាននាពេលបច្ចុប្បន្ននេះ ដោយសារតែវាបាន ធ្វើឱ្យខូចដល់ដំណោះស្រាយរដ្ឋទាំងពីរ និងរំលោភលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា” ។

លោក Abbas ក៏បានចោទប្រកាន់សហគមន៍អន្តរជាតិ ពីការបរាជ័យក្នុងការបញ្ចប់ការកាន់កាប់ របស់យោធាអ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន និងបញ្ចប់គោលនយោបាយតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ។

លោកបានបន្ថែមថា មានការខ្វះខាតកិច្ចខិតខំប្រឹងប្រែង អន្តរជាតិក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងសមាជិកភាពពេញ លេញរបស់ខ្លួននៅក្នុងអង្គការ សហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Abbas បានកត់សម្គាល់ថា “វាមានការប្រឆាំងផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីន ដើម្បីការពារអត្ថិភាព និងសិទ្ធិស្របច្បាប់ របស់ពួកគេនៅក្នុង វេទិកាអន្តរជាតិ និងតុលាការ និងផ្តល់ការការពារអន្តរជាតិ សម្រាប់ប្រជាជនរបស់យើង”៕

To Top