ព័ត៌មានអន្តរជាតិ

ចិន៖ មុនពេលពិគ្រោះ ពិភាក្សាយ៉ាងពេញលេញ ជាមួយភាគីពាក់ព័ន្ធ ភាគីជប៉ុន មិនត្រូវបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ចូលក្នុងសមុទ្រ តាមតែទំនើងចិត្ត របស់ខ្លួននោះឡើយ

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទកាសែត ជាប្រចាំកាលពីថ្ងៃទី ១ ខែកុម្ភៈថា មុនពេលមានការពិគ្រោះពិភាក្សា យ៉ាងពេញលេញជាមួយប្រទេសជិតខាង ភាគីដែលពាក់ព័ន្ធផលប្រយោជន៍ ពាក់ព័ន្ធដទៃទៀត និងអង្គការអន្តរជាតិពាក់ព័ន្ធ ប្រទេសជប៉ុន មិនត្រូវបង្ហូរទឹកសំណល់នុយក្លេអ៊ែរ តាមតែទំនើបចិត្តរបស់ខ្លួននោះឡើយ។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា ក្រុមការងារបច្ចេកទេស របស់អង្គការថាមពល បរមាណូអន្តរជាតិ (IAEA) បានទៅកាន់ប្រទេសជប៉ុនម្តងទៀត ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ ដើម្បីធ្វើការត្រួតពិនិត្យ អំពីបញ្ហាទឹកសំណល់នុយក្លេអ៊ែរ នៅរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ហើយរបាយការណ៍ពាក់ព័ន្ធនឹងត្រូវចេញផ្សាយ ក្នុងរយៈពេលបីខែខាងមុខ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅថ្ងៃទី ១៣ ខែមករា រដ្ឋាភិបាលជប៉ុន បានប្រកាសជាឯកតោភាគីថា ខ្លួននឹងចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ ក្នុងអំឡុងពេលនិទាឃរដូវ និងរដូវក្តៅឆ្នាំនេះ។

ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀត ឱ្យជប៉ុន យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភ ដ៏សមហេតុផលរបស់ភាគីនានា ដោយដោះស្រាយបញ្ហា ទឹកសំណល់នុយក្លេអ៊ែរ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បើកចំហ តម្លាភាព និងមានសុវត្ថិភាព ព្រមនិងទទួលយកការត្រួតពិនិត្យ យ៉ាងតឹងរ៉ឹង ដើម្បីការពារបរិស្ថានសមុទ្រ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ខាងសុខភាព របស់ប្រជាជននៃបណ្តាប្រទេសនានា៕

To Top