យូអិន៖ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការ សហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងនៅឆ្នាំ២០២៣ ដែលជំរុញដោយការធ្វើឱ្យ ប្រសើរឡើងនៃសេដ្ឋកិច្ចចិន។
ដោយដកស្រង់របាយការណ៍ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យ (WESP) ឆ្នាំ២០២៣ ការិយាល័យកណ្តាល ESCAP ដែលមានទីស្នាក់ការនៅទីក្រុងបាងកក បានប្រាប់សន្និសីទសារព័ត៌មាន តាមអ៊ីនធឺណិតថា កំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤,៤ភាគរយនៅឆ្នាំ២០២៣ ពីការប៉ាន់ស្មាន ៣,២ភាគរយ នៅឆ្នាំ២០២២ ។
របាយការណ៍បានឲ្យដឹងថា សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលរដ្ឋាភិបាលថ្មីៗនេះ បានបង្កើនប្រសិទ្ធភាពវិធានការបង្ការរបស់ខ្លួន និងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ដោយបន្ថែមថាសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៤,៨ភាគរយនៅឆ្នាំ២០២៣ បើធៀបនឹងកំណើន ៣ ភាគរយក្នុងឆ្នាំ២០២២។
ទោះជាយ៉ាងណាក៏ដោយ វាបានគូសបញ្ជាក់ថា ទោះបីជាត្រូវបានគាំទ្រ ដោយសេដ្ឋកិច្ចចិនក៏ដោយ ប៉ុន្តែការស្ទុះងើបឡើងវិញនៃ សេដ្ឋកិច្ចនៅក្នុងតំបន់នៅតែមានភាពផុយស្រួយ។ សេដ្ឋកិច្ចជាច្រើន (ក្រៅពីប្រទេសចិន) កំពុងធ្លាក់ចុះ ចំពេលដែលតម្រូវការធ្លាក់ចុះ ការកើនឡើងតម្លៃរស់នៅ និងការធ្លាក់ចុះនៃតម្រូវការ នាំចេញពីសហរដ្ឋអាមេរិក និងអឺរ៉ុប។
របាយការណ៍បានកត់សម្គាល់ថា ទស្សនវិស័យសេដ្ឋកិច្ចរយៈពេល ជិតរយៈពេលខ្លីរបស់អាស៊ីបូព៌ា និងខាងត្បូងប្រឈមមុខនឹងបរិយាកាស ពិភពលោកកាន់តែយ៉ាប់យ៉ឺន ដែលត្រូវបានគ្របដណ្ដប់ ដោយអតិផរណាយ៉ាងខ្លាំង វិបត្តិអាហារ និងថាមពល និងបរិត្តផរណាបំណុល ៕
ប្រែសម្រួល ឈូក បូរ៉ា