ព័ត៌មានអន្តរជាតិ

ទីក្រុងបាងកករបស់ថៃ ក្លាយជាទីក្រុង ដែលមានការបំពុលខ្យល់ខ្លាំងបំផុត ទីបីនៅក្នុងពិភពលោក, រដ្ឋាភិបាលណែនាំប្រជាជន ឱ្យពាក់ម៉ាស់ពេលចេញក្រៅ

បរទេស ៖ ប្រជាជនក្នុងទីក្រុងបាងកក បានភ្ញាក់ពីដំណេកជាមួយនឹងធូលីល្អិតល្អន់ ក្នុងសប្តាហ៍នេះ ជាមួយនឹងតំបន់ជាង ៧០ ដែលរាយការណ៍ពីកម្រិត PM2.5 បានលើស ៩០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់ (μg/m3) ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដែនកំណត់សុវត្ថិភាពកម្រិតខ្យល់របស់ប្រទេសថៃគឺ ៥០ μg/m3។ កម្រិតខ្ពស់នៃ PM2.5 បង្កហានិភ័យដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ។

នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករណ៍ថា កម្រិត PM2.5 – ភាគល្អិតតិចជាង 2.5 មីក្រូម៉ែត្រក្នុងអង្កត់ផ្ចិត – នឹងកើនឡើងពាសពេញ ប្រទេសថៃរហូតដល់ថ្ងៃសុក្រ ដោយសារការបំពុលធូលីដី កកកុញនៅក្នុងខ្យល់ ដែលនៅទ្រឹង។

រដ្ឋាភិបាលបានណែនាំប្រជាជន ឱ្យពាក់ម៉ាស់មុខនៅខាងក្រៅ ហើយពិចារណាធ្វើការពីផ្ទះនៅថ្ងៃព្រហស្បតិ៍ និងសុក្រ។

គេហទំព័រ iqair.com បានរាយការណ៍ពីសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងបាងកក នៅកម្រិត ១៩៨ គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យទីក្រុងបាងកក ក្លាយជាទីក្រុង ដែលមានការបំពុលខ្លាំងបំផុត ទីបីនៅក្នុងពិភពលោក។

រាជធានីរបស់ប្រទេសថៃ គឺនៅពីក្រោយតែទីក្រុងបុមបៃ ក្នុងប្រទេសឥណ្ឌា (AQI ២០៧) និងទីក្រុង Lahore របស់ប៉ាគីស្ថាន (២០២)៕

To Top