គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គី បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មអឺរ៉ុបរបស់ទីក្រុងគៀវ។
ថ្លែងបន្ទាប់ពីកិច្ចចរចា ដែលបានធ្វើឡើងនៅទីក្រុងគៀវមុន កិច្ចប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុប លោក ហ្សេឡិនស្គី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី von der Leyen និងមន្ត្រីសហភាពអឺរ៉ុបផ្សេងទៀត ទៅកាន់អ៊ុយក្រែនគឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយនៅក្នុងសមាហរណកម្មអឺរ៉ុប របស់អ៊ុយក្រែន។
លោក ហ្សេឡិនស្គី បានលើកឡើងថា លោកបានទទួលរបាយការណ៍ពីលោកស្រី von der Leyen លើផ្នែកទីពីរនៃកម្រងសំណួរ ដែលអ៊ុយក្រែនបានបំពេញ ដើម្បីក្លាយជាបេក្ខជន សម្រាប់សមាជិកភាពសហភាពអឺរ៉ុប។
លោកបានបន្តថា “នេះជាដំណឹងល្អ។ របាយការណ៍នេះនឹងក្លាយជាមូលដ្ឋាន សម្រាប់ការងាររបស់រដ្ឋាភិបាលយើង” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
នៅក្នុងកិច្ចប្រជុំរបស់ពួកគេ លោក ហ្សេឡិនស្គី និង លោកស្រី von der Leyen បានជជែកគ្នាអំពីសេរីភាវូបនីយកម្ម ពាណិជ្ជកម្មរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងសន្តិសុខថាមពល។
ភាគីទាំងពីរក៏បានពិភាក្សា អំពីបញ្ហានៃការកសាងឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ កិច្ចប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងគៀវ នៅថ្ងៃសុក្រនេះ នឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម ថាមពល និងមនុស្សធម៌ ៕
ប្រែសម្រួល ឈូក បូរ៉ា