ព័ត៌មានអន្តរជាតិ

ឥណ្ឌា គ្រោងចំណាយប្រាក់ រហូតដល់ជិត៨០លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធ បទប្បញ្ញត្តិឳសថ

ញ៉ូដេលី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសឥណ្ឌា នឹងចំណាយប្រាក់ ចំនួន៧៩,៦លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីធ្វើការពង្រឹងប្រព័ន្ធបទប្បញ្ញត្តិ ឱសថរបស់ខ្លួន បន្ទាប់ពីអង្គការ សុខភាពពិភពលោក ហៅកាត់ថា (WHO) បានលើកឡើង ពីក្តីបារម្ភអំពីថ្នាំស៊ីរ៉ូក្អក ដែលផលិតនៅក្នុងស្រុក ដែលទាក់ទងទៅ នឹងការស្លាប់ របស់កុមារចំនួន៨៩នាក់ នៅក្នុងប្រទេសចំនួន២ ។

ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថា ជា “ឱសថស្ថាន នៃពិភពលោក” ហើយការនាំចេញឱសថ របស់ខ្លួនបានកើនឡើង ច្រើនជាង២ដងនៅក្នុងទសវត្សរ៍កន្លងមក ដែលមានទឹកប្រាក់ ដល់ទៅ២៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ដល់ឆ្នាំ២០២២ ។

ការស្លាប់របស់កុមារ យ៉ាងហោចណាស់៧០នាក់ នៅក្នុងប្រទេសហ្គាំប៊ី និងកុមារចំនួន១៩នាក់នៅក្នុងប្រទេសអ៊ូសបេគីស្ថានកាលពីឆ្នាំមុន ។

ទិន្នន័យរបស់រដ្ឋាភិបាល ដែលចែករំលែកដោយរដ្ឋមន្ត្រីសុខាភិបាល Mansukh Mandaviya កាលពីថ្ងៃសុក្រ បានបង្ហាញថា ក្នុងចំណោមគំរូថ្នាំ ជិត៨៩.០០០ប្រភេទ ត្រូវបានធ្វើតេស្តពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ដោយរដ្ឋ និងអាជ្ញាធរដែនដី ច្រើនជាង២.៥០០ប្រភេទមិនបានបំពេញតាមស្តង់ដារ ហើយជិត៣៨០ប្រភេទ ត្រូវបានប្រកាសថា ក្លែងក្លាយ ។

លោក Mandaviya បានឲ្យដឹងថា រដ្ឋាភិបាលសហព័ន្ធ បានបែងចែកថវិកាដល់ក្រសួង របស់ខ្លួនសម្រាប់វិធានការនានា រួមទាំងការបង្កើតមន្ទីរ ពិសោធន៍សាកល្បងថ្នាំថ្មី និងការធ្វើឱ្យប្រសើរឡើង នូវកន្លែងដែលមានស្រាប់ ។

លោកបានលើកឡើង នៅក្នុងការឆ្លើយតប ជាលាយលក្ខណ៍អក្សរ ចំពោះ សំណួរមួយនៅក្នុងសភាថា “រដ្ឋាភិបាលបានចាត់វិធានការ បទប្បញ្ញត្តិផ្សេងៗ ដើម្បីធានាគុណភាព ឱសថនៅក្នុងប្រទេស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top