ព័ត៌មានអន្តរជាតិ

អាមេរិក ​ប្រកាស​ផ្ទេរ​ទ្រព្យសម្បត្តិ​ ដែល​រឹបអូស​ពីអ្នកជំនួញរុស្សី ជា​លើក​ដំបូង​ ទៅ​ឱ្យក្រុង​គៀវ

បរទេស៖ អគ្គរដ្ឋអាជ្ញាអាមេរិកលោក Merrick Garland បានប្រកាសកាលពីថ្ងៃសុក្រ ពីការផ្ទេរទ្រព្យសម្បត្តិដំបូង ដែលជារឹបអូសជាផ្នែកនៃទណ្ឌកម្មប្រឆាំងរុស្ស៊ី ទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីចំណាយលើការកសាងប្រទេសឡើងវិញ។

យោងតាមសារព័ត៌មានបរទេស RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា វិធានការនេះបាន​ជះឥទ្ធិពលលើទឹកប្រាក់ចំនួន ៥,៤ លានដុល្លារដែលត្រូវបានដកហូតពីពាណិជ្ជកររុស្ស៊ីលោក Konstantin Malofeyev ក្រោមការចោទប្រកាន់ពីបទគេចវេសពីការដាក់ទណ្ឌកម្ម, នេះបើយោងតាមមន្ត្រីកំពូល។

លោក Garland បាននិយាយថា “ជាមួយនឹងការអនុញ្ញាតរបស់ខ្ញុំនៅថ្ងៃនេះ មូលនិធិដែលរឹបអូស នឹងត្រូវផ្ទេរទៅឱ្យ ក្រសួង ការបរទេស ដើម្បីគាំទ្រប្រជាជនអ៊ុយក្រែន” ដោយបន្ថែមថាមូលនិធិត្រូវបានរឹបអូស បន្ទាប់ពីការចោទ ប្រកាន់ប្រឆាំងនឹងលោក Malofeyev ដែលបានចេញកាលពីខែមេសាមុន។

សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ តុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉ក បានអនុញ្ញាតឱ្យរដ្ឋអាជ្ញារឹបអូស ទឹកប្រាក់ចំនួន ៥,៤ លានដុល្លារ ដែលជាកម្មសិទ្ធិរបស់លោក Malofeyev ដោយបើកផ្លូវសម្រាប់មូល និធិដែលត្រូវប្រើប្រាស់ដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top