ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ឆ្នាំ២០២៣ ពិភពលោក ផ្ញើក្តីរំពឹងទុកយ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ចចិន

ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំថោះឆ្នាំ ២០២៣ ចំនួនអ្នកធ្វើទេសចរណ៍ នៅទូទាំងប្រទេសចិន គឺ ៣០៨ លាននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ ក្នុងស្រុក ៣ សែន ៧ ម៉ឺន ៥ ពាន់ ៨ រយ ៤៣ លានយាន់ប្រាក់ចិន បានកើនឡើង ២៣,១ ភាគរយនិង ៣០ ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ចំណូលលក់សំបុត្រភាពយន្តសរុប ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន គឺ ៦ ពាន់ ៧ រយ ៥៨ លានយាន់ប្រាក់ចិន ដែលបានកើនឡើង ១១,៨៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២២ ហើយយោងតាមការពិនិត្យ និងធ្វើស្ថិតិនៃស្ថាប័នគ្រប់គ្រងជនអន្តោប្រវេសន៍ ទូទាំងប្រទេសចិន បានឱ្យដឹងថា ចំនួនបុគ្គលិកចេញចូល ដែនបានកើនឡើង ១២០,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ល។

ទិន្នន័យថ្មីបំផុត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីឆ្នាំថោះដែលចិន បានប្រកាសទាំងនោះ បានបង្ហាញពីនិន្នាការស្តារឡើងវិញ នៃសេដ្ឋកិច្ចនិងកម្លាំងរស់រវើក នៃទីផ្សារប្រើប្រាស់របស់ចិន ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយ បន្ទាប់ពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩រ របស់ចិន បានឈានចូលដំណាក់កាលថ្មី ទន្ទឹមនឹងរដ្ឋាភិបាលចិនបានរៀបចំឡើងវិញ ប្រកបដោយរបៀបរៀបរយ ឱ្យប្រជាពលរដ្ឋចិន ទៅធ្វើទេសចរណ៍នៅក្រៅប្រទេស ប្រជាជនចិនជាច្រើន បានជ្រើសរើសការទៅធ្វើដំណើរកម្សាន្ត នៅក្រៅប្រទេសក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះ ដែលបាននាំមកនូវជំនឿចិត្ត ដល់ការងើបឡើងវិញ នៃឧស្សាហកម្មទេចសចរណ៍ របស់ប្រទេសជាច្រើន ព្រមពេលជាមួយគ្នានេះ វាក៏ជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចសកល ដ៏ខ្លាងក្លាផងដែរ ។

ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានវិនិយោគអន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុន Morgan Stanley ក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន JPMorgan Chase ជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ ។ សភាពាណិជ្ជកម្មប្រទេសជាច្រើន នៅប្រទេសចិន ដូចជាអាមេរិក អង់គ្លេសនិងអាល្លឺម៉ងជាដើម បានសម្គាល់ឃើញថា ប្រទេសចិនកែសម្រួលគោលនយោបាយ បង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ វាមានអំណោយផលដល់ការរៀបចំឡើងវិញ នូវការទៅមកនិងការធ្វើដំណើរ ផ្នែកពាណិជ្ជកម្មរបស់បុគ្គលិកចិន និងបរទេស ក៏ដូចជានឹងរៀបចំឡើងវិញ នូវសុទិដ្ឋិនិយមចំពោះទីផ្សារចិនផងដែរ ប្រទេសចិន នឹងបន្តក្លាយជាគោលដៅវិនិយោគ ជាអាទិភាពរបស់ទុនបរទេស ។ ការដែលប្រទេសចិន ធ្វើឱ្យគោលនយោបាយចូលដែនចិន មានសុក្រឹតភាពថែមមួយកម្រិតទៀត គឺ មានអំណោយផលយ៉ាងច្បាស់លាស់ ដល់សេដ្ឋកិច្ចក្នុងតំបន់និងពាណិជ្ជកម្មសកល ។

តាមការវិភាគរបស់អ្នកជំនាញបានឱ្យដឹងថា ឆ្នាំ ២០២៣ យោងតាមតម្រូវការបានកើនឡើងវិញ ជាសន្សឹមៗនិងឥទ្ធិពលវិជ្ជមាន របស់គោលនយោបាយ សេដ្ឋកិច្ចនិងសង្គមចិន នឹងបញ្ចេញភាពរស់រវើកថែមមួយកម្រិតទៀត ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករយ៉ាងខ្លាំង ដល់កាជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។

តំបន់នានារបស់ប្រទេសចិន បាននាំគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបើកការដ្ឋានសាងសង់គម្រោងវិស្វកម្មធំ និងសំខាន់ៗ ក៏ដូចជាចាត់បញ្ជូនគណប្រតិភូ ចេញទៅបរទេសជាបន្តបន្ទាប់តាមរយៈ ការម៉ៅយន្តហោះដើម្បីស្វែងរកការបញ្ជាទិញ ហើយទីផ្សារម្ហូបអាហារ និងទេសចរណ៍កំពុងស្តារឡើងវិញ ជាបណ្តើរៗ ។ល។ វិនិយោគិនអន្តរជាតិ បានមើលឃើញកាលានុវត្តភាពថ្មី របស់ប្រទេសចិន ហើយប្រព័ន្ធសារព័ត៌មានបរទេស បានរកឃើញសញ្ញាវិជ្ជមានរបស់សេដ្ឋកិច្ចចិន ដែលកំពុងវិវឌ្ឍរីកចម្រើន ទៅរកភាពល្អប្រសើរ ។

កាសែត«Financial Times»របស់អង់គ្លេសបានដកស្រង់ ការប៉ាន់ប្រមាណរបស់អ្នកវិភាគ នៃធនាគារ Citibank របស់អាមេរិកថា ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមនៅឆ្នាំ ២០២៣ នឹងកើនឡើង ១១ ភាគរយ គឺបានឡើងដល់ ៥០ ទ្រីលានយាន់ប្រាក់ចិន ។ ដូច្នេះ វិនិយោគិននិងអ្នកវិភាគ បានប៉ាន់ប្រមាណថា “ក្នុងរយៈពេល ១ ឆ្នាំខាងមុខនេះ អនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសចិន នឹងមានភាពកាន់តែភ្លឺស្វាង” ។

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកនាពេលថ្មីៗ កន្លងទៅនេះបានឱ្យដឹងថា ខេត្តនិងភូមិភាគសំខាន់ៗមួយចំនួនរបស់ប្រទេសចិន បានលើកឡើងនូវគោលដៅកំណើន នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ២០២៣ ក្នុងនោះ តំបន់ភាគច្រើន សុទ្ធតែបានកំណត់ គឺ លើសពី ៥ ភាគរយដែលបានផ្តល់តម្រុយដំបូងបង្អស់ សម្រាប់ការកំណត់មាគ៌ាអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចចិននៅឆ្នាំ ២០២៣ ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា រដ្ឋាភិបាលចិន បានកែសម្រួលវិធានការ អំពីឧស្សាហកម្មបច្ចេកវិទ្យា និងអាជីវកម្មអចលនទ្រព្យ ។ បាតុភូតទាំងនេះបានលើកកម្ពស់ជំនឿចិត្ត របស់វិនិយោគិននិងអ្នកវិភាគ ហេតុនេះហើយ ពួគគេជឿជាក់ថា សេដ្ឋកិច្ចចិននៅឆ្នាំ ២០២៣ នឹងងើបឡើងវិញយ៉ាងលេចធ្លោ ។ សូមបញ្ជាក់ថា របាយការណ៍ស្តីពី«ស្ថានការណ៍និងការរំពឹងទុក អំពីសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ »ដែលអង្គការសហប្រជាជាតិបានចេញផ្សាយ កាលពីថ្ងៃទី ២៥ ខែមករាឆ្នាំនេះបានប៉ាន់ប្រមាណថា ទន្ទឹមនឹងរដ្ឋាភិបាលចិន កែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ និងចាត់វិធានការសេដ្ឋកិច្ចដ៏វិជ្ជមាន កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំនេះនឹងឡើងដល់ ៤,៨ ភាគរយ ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងជះឥទ្ធិពលដ៏សំខាន់ទៅលើប្រទេសជាច្រើន នៅតំបន់អាស៊ីបូព៌ា ហើយតាមការប៉ាន់ប្រមាណ ការស្តារឡើងវិញនៃសេដ្ឋកិច្ចចិន នឹងផ្តល់ការគាំទ្រដល់កំណើន នៃតំបន់ទាំងមូល ។

ឆ្នាំ ២០២២ ផលិតផលក្នុងស្រុកសរុប របស់ចិនគឺ លើសពី ១២០ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២១ ទំហំនាំចេញនាំចូលសរុប នៃពាណិជ្ជកម្មទំនិញរបស់ប្រទេសចិន បានឡើងដល់ ៤២,០៧ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៧,៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២១ ក៏ដូចជាប្រាក់នៅសល់នៃទំហំរូបិយប័ណ្ណ បម្រុងរបស់ចិននៅចុងឆ្នាំ ២០២២ មានចំនួន ៣ លាន ១ សែន ២ ម៉ឺន ៧ ពាន់ ៧ រយលានដុល្លារអាមេរិក ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ១ លើពិភពលោក។ល។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ហើយសម្រេចបាននូវភាពនឹងនរជាទូទៅ នៃដំណើរការខាងសេដ្ឋកិច្ចចិន ។

តាំងពីចូលឆ្នាំ ២០២២ មក ក្នុងបរិបទដែលរងផលប៉ះពាល់ ពីកត្តាហួសពីការប៉ាន់ប្រមាណជាច្រើន ដូចជា ភាពច្របូកច្របល់ នៃស្ថានការណ៍នយោបាយភូមិសាស្ត្រ ហានិភ័យធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បានកើនឡើងនិងជំងឺកូវីដ ១៩ ក្នុងស្រុកចិនបានរីករាលដាល នៅតំបន់ជាច្រើនជាដើម សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ទំហំសេដ្ឋកិច្ចសរុប បានបំបែកកំណត់ត្រាថ្មីម្តងទៀត សមិទ្ធផលគួរឱ្យកត់សម្គាល់ទាំងនេះ គឺបានមកដោយមិនងាយនោះទេ ។ បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក អត្រាកំណើនសេដ្ឋកិច្ចចំនួន ៣ ភាគរយ របស់ចិននៅឆ្នាំ ២០២២ ខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗ ភាគច្រើនដែលបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា និងកម្លាំងរស់រវើកយ៉ាងផុលផុស ។

តាំងពីចូលឆ្នាំ ២០២៣ មក ប្រទេសចិនបានបន្តបោះជំហានយ៉ាងខ្លាំងក្លា ក្នុងការជំរុញការបើកទូលាយ ចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ។ ចាប់ពីថ្ងៃទី ១ ខែមករាឡើងទៅ ប្រទេសចិនបានអនុវត្តជាផ្លូវការ នូវ«បញ្ជីឈ្មោះឧស្សាហកម្ម ដែលលើកទឹកចិត្តឱ្យវិនិយោគិនបរទេស បណ្តាក់ទុនឆ្នាំ ២០២២ » ។ បញ្ជីឈ្មោះនេះនឹងផ្តល់ចន្លោះអភិវឌ្ឍន៍ កាន់តែទូលំទូលាយនិងប្រាក់ចំណេញ កាន់តែច្រើនសន្ធឹកដល់វិនិយោគិនបរទេស ដែលបានបណ្តាក់ទុននៅចិន ។ ចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំនេះតទៅ ប្រទេសចិនក៏នឹងអនុវត្តវិធានការ កាត់បន្ថយពន្ធគយ ចំពោះអត្រាពន្ធគយអនុគ្រោះបំផុតនៃផលិតផលបច្ចេកវិទ្យាព័ត៌មាន ចំនួន ៦២ ផ្នែកផងដែរ ។ បន្ទាប់ពីបានកែសម្រួល កម្រិតពន្ធគយទូទៅរបស់ចិន នឹងត្រូវកាត់បន្ថយពី ៧,៤ ភាគរយមកនៅត្រឹម ៧,៣ ភាគរយ ។ វិធានការទាំងនេះបានបង្ហាញ យ៉ាងពេញលេញនូវឆន្ទៈដ៏មុតមាំរបស់ប្រទេសចិន ក្នុងការបន្តជំរុញការបើកទូលាយ ចំពោះក្រៅប្រទេសតទៅទៀត ក៏ដូចជារួមគ្នាចែករំលែក ឱកាសអភិវឌ្ឍន៍ជាមួយបណ្តាភាគីនានា ។

ដើម្បីធ្វើឱ្យពិភពលោក អាចចែករំលែកនូវសមិទ្ធផលជាផ្លែផ្កា និងឱកាសអភិវឌ្ឍន៍របស់ចិន ឱ្យបានកាន់តែល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតឡើងជាថ្មី នូវវេទិកាជំរុញការនាំចូលប្រកបដោយកម្រិតខ្ពស់ និងគុណភាពខ្ពស់ជាច្រើន ។ កិច្ចកសាងនិងការអភិវឌ្ឍ នៃវេទិកាមួយចំនួន ដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិ និងពិព័រណ៍ផលិតផលប្រើប្រាស់ចិនអន្តរជាតិជាដើម បានផ្តល់ការធានាយ៉ាងខ្លាំង សម្រាប់ចែករំលែកកាលានុវត្តភាព ទីផ្សាររបស់ចិនជាមួយពិភពលោក ក៏ដូចជាជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។

កាលពីថ្ងៃទី ១៦ ខែមករា វេទិកាសេដ្ឋកិច្ចពិភពលោក បានចេញផ្សាយរបាយការណ៍ស្តីពី «ការរំពឹងទុករបស់ប្រធានសេដ្ឋវិទ» ដោយចង្អុលបង្ហាញថា ប្រធានសេដ្ឋវិទូដែលផ្តល់បទសម្ភាសន៍ ចំនួនជិត ២ ភាគ ៣ បានព្យាករណ៍ថា តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចពិភពលោក នឹងលេចចេញភាពថមថយចុះនៅឆ្នាំ ២០២៣ ។ ក្នុងបរិបទដែលសំឡេងខ្ទរប្រកបដោយ ទុទិដ្ឋិនិយមបែបនេះបានលាន់ឮមិនដាច់ ពិភពលោកទាំងមូល បាននិងកំពុងផ្ញើក្តីរំពឹងទុក យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចចិន។

លោក Borge Brende អគ្គនាយក នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា ការដែលប្រទេសចិនកែសម្រួល គោលនយោបាយបង្ការជំងឺកូវីដ ១៩ នឹងជំរុញកំណើន នៃឧស្សាហកម្មសេវាកម្ម ក្នុងនោះបួករួមទាំងតម្លៃផលិតផល នៃឧស្សាហកម្ម ការវិនិយោគនិងទេសចរណ៍ជាដើម ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ លើពិភពលោក ការបើកចំហរបស់ប្រទេសចិនមានអំណោយ ផលដល់កំណើនសេដ្ឋកិច្ចសកល ។

គួរបញ្ជាក់ដែរថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចកាត់ផ្តាច់ពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ ។ សេដ្ឋកិច្ចចិនដែលប្រកបដោយភាពនឹងនរនិងរឹងមាំ វាមានសារៈសំខាន់កាន់តែខ្លាំងឡើងៗ ចំពោះពិភពលោក ។ ប្រទេសចិនដែលមានភាពកាន់តែបើកទូលាយ ក៏កាន់តែមានជំនឿចិត្ត លើខ្លួនឯងកំពុងបង្កើតកាលានុវត្តភាព កាន់តែច្រើនសម្រាប់ពិភពលោក តាមរយៈការអភិវឌ្ឍរបស់ខ្លួន ក៏ដូចជាបំពេញបន្ថែម នូវស្ថិរភាពនិងភាពប្រាកដប្រជា កាន់តែច្រើនដល់ពិភពលោក ដែលមានភាពច្របូកច្របល់ ៕

To Top