ប៉េកាំង៖ អ្នកកាសែតជើងចាស់ជនជាតិអេស្ប៉ាញ លោក Javier Garcia បានឲ្យដឹងនៅក្នុងសៀវភៅថ្មីរបស់លោក ដែលមានចំណងជើងថា “China, Threat or Hope” ថា “ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងអ្នកនយោបាយ និងរដ្ឋាភិបាលមួយចំនួន បានបំភិតបំភ័យយើងជារៀងរាល់ថ្ងៃថា ការកើនឡើងរបស់ប្រទេសចិន បង្កការគំរាមកំហែង ដល់ពិភពលោកទាំងមូល និងជាពិសេសចំពោះលោកខាងលិច និងការពិតនៃបដិវត្តន៍ជាក់ស្តែង។”
លោក Garcia បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយស៊ីនហួថា “ប្រទេសចិន មិនមែនជាការគំរាមកំហែងទាល់តែសោះ” ដោយកត់សម្គាល់ថាប្រទេសនេះ បានក្លាយជាមហាអំណាច សេដ្ឋកិច្ចពិភពលោកទីពីរ “ដោយគ្មានការបាញ់ប្រហារ គ្មានអំពើហឹង្សា គ្មានសង្គ្រាម គ្មានអាណានិគមនិយម” ។
សម្រាប់អតីតប្រតិភូ EFE ដែលជាទីភ្នាក់ងារព័ត៌មានឈានមុខគេ នៅអេស្ប៉ាញ នៅមជ្ឈិមបូព៌ា វេណេហ្ស៊ុយអេឡា អាល្លឺម៉ង់ និងចិន ទ្រឹស្តី “ការគំរាមកំហែងរបស់ចិន” គឺគ្មានអ្វីក្រៅពីល្បិចកល របស់សហរដ្ឋអាមេរិក ដែលមានប្រព័ន្ធ ដើម្បីទប់ស្កាត់ការកើនឡើងដោយសន្តិភាព នៃប្រទេសអាស៊ីនោះទេ ដែលសម្រាប់ទីក្រុងវ៉ាស៊ីនតោន មានន័យថា ជាបញ្ហាប្រឈមដ៏ធំ ចំពោះអនុត្តរភាពរបស់ខ្លួន។
លោក Garcia បានឲ្យដឹងនៅក្នុងសៀវភៅ ដែលត្រូវបានបោះពុម្ពដោយ Ediciones Akal ថា “សហរដ្ឋអាមេរិក បដិសេធមិនទទួលយកថាថ្ងៃរបស់ខ្លួន ដើម្បីរក្សាការត្រួតត្រាអនុត្តរភាពពិភពលោក ត្រូវបានរាប់បញ្ចូល” ។
លោកបានបន្ដថា ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើម “សង្រ្គាមកូនកាត់” នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត នយោបាយ សុខភាព និងប្រព័ន្ធផ្សព្វផ្សាយ រួមជាមួយនឹងប្រតិបត្តិការ ស៊ើបការណ៍សម្ងាត់ និងចារកម្ម យុទ្ធនាការអស្ថិរភាព នៅក្នុងតំបន់ដូចជា ស៊ីនជាំង ការគាំទ្រការបំបែកខ្លួននៅហុងកុង ឬតៃវ៉ាន់ និងការបំភិតបំភ័យយោធា នៅតាមឆ្នេរសមុទ្ររបស់ប្រទេសចិន។
ក្នុងចំណោមសមរភូមិជួរមុខជាច្រើន លោក Garcia បានបន្ថែមថា លោកដឹងច្បាស់អំពីយុទ្ធនាការលាបពណ៌ ប្រឆាំងនឹងប្រទេសចិន ដែលរៀបចំឡើងដោយប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ដែល “កំណត់របៀបវារៈ និងសម្លេងអំពីប្រទេសចិន”៕ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									