វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីទាញយក កំទេចកំទីនៃបាឡុងឃ្លាំមើលរបស់ចិន ដែលបានធ្លាក់ចូលទៅក្នុង មហាសមុទ្រអាត្លង់ទិក បន្ទាប់ពីត្រូវបានបាញ់ទម្លាក់ នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina កាលពីចុងសប្តាហ៍។
ឧត្តមសេនីយ៍ Glen VanHerck មេបញ្ជាការនៃទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង និងបញ្ជាការខាងជើងអាមេរិក បានឲ្យដឹងថា បាឡុងដែលបានហោះហើរ ក្នុងរយៈកម្ពស់ខ្ពស់លើអាមេរិកខាងជើង ចាប់តាំងពីចុងខែមករា ត្រូវបានបាញ់ទម្លាក់ក្នុង ដែនអាកាសសហរដ្ឋអាមេរិក ហើយបានធ្លាក់ចូលទៅក្នុងដែនទឹក របស់សហរដ្ឋអាមេរិក។
លោក VanHerck បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា “កងទ័ពជើងទឹកអាមេរិករបស់យើង បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការស្តារឡើងវិញ ដោយមានឆ្មាំឆ្នេរសមុទ្រអាមេរិក ជួយក្នុងការធានាតំបន់នេះ និងរក្សាសុវត្ថិភាពសាធារណៈ”។
អាមេរិកបានឲ្យដឹងមុននេះថា បាឡុងនេះមានទំហំប៉ុនឡានក្រុងចំនួនបី ហើយកម្ទេចកម្ទីត្រូវបានរាលដាល ពាសពេញផ្ទៃសមុទ្រជាង 11km (៧ម៉ាយ) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។
ឧប្បត្តិហេតុនេះបានធ្វើឱ្យ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែតានតឹងជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ដែលលុបចោលដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីការរកឃើញយាននេះ។
ទីក្រុងប៉េកាំងបានឲ្យដឹងថា បាឡុងខ្យល់ដែលមិនមានមនុស្សបើក ត្រូវបានប្រើប្រាស់សម្រាប់ ការស្រាវជ្រាវឧតុនិយម ហើយត្រូវបានផ្លុំចេញដោយសារ តែអាកាសធាតុអាក្រក់ និងសមត្ថភាពចង្កូត “មានកំណត់” របស់វា ៕
ប្រែសម្រួល ឈូក បូរ៉ា