វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងដោយបាន ការពារការសម្រេចចិត្តថា រង់ចាំរហូតដល់បាល់ឡុងរបស់ចិន ឆ្លងកាត់សហរដ្ឋអាមេរិក នៅមុនពេលបាញ់ទម្លាក់ ហើយខាងសេតវិមានបានអះអាងថា ចារកម្មដ៏មានតម្លៃកំពុងត្រូវបាន ដកចេញពីឧបករណ៍នោះ ។
ប្រទេសចិនអះអាងថា តាមពិតបាល់ឡុងនេះគឺជា យន្តហោះសង្កេតអាកាសធាតុខុស ដោយគ្មានគោលបំណងយោធាឡើយ ប៉ុន្តែក្រុងវ៉ាស៊ីនតោន បានពណ៌នាថា វាជាយានស៊ើបការណ៍ រយៈកម្ពស់ដ៏ទំនើបទៅវិញ ។
យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ១គ្រឿង បានបាញ់ទម្លាក់បាល់ឡុងនេះកាលពីថ្ងៃសៅរ៍ នៅឯឆ្នេរសមុទ្រភាគខាងកើត នៃមហាសមុទ្រអាត្លង់ទិក ហើយកងកម្លាំងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្របច្ចុប្បន្នកំពុងស្រង់ យកកំទេចកំទីសម្រាប់ធ្វើការវិភាគ ពីយានស៊ើបការណ៍នេះ ។
លោក បៃដិន បានប្រាប់ដល់អ្នកយកព័ត៌មានថា “នៅគ្រាដែលវាមកដល់ សហរដ្ឋអាមេរិកពីប្រទេសកាណាដា ខ្ញុំបានប្រាប់ដល់ក្រសួងការពារជាតិថា ខ្ញុំចង់បាញ់វាឱ្យលឿន តាមដែលវាសមស្រប” ។
“ពួកគេបានសន្និដ្ឋានថា យើងមិនគួរបាញ់វាធ្លាក់ពីលើដីទេ។ វាមិនមែនជាការគំរាមកំហែងធ្ងន់ធ្ងរទេ ហើយយើងគួរតែរង់ចាំរហូតដល់វាឡើងលើទឹក” ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានលើកឡើងថា បុគ្គលិកអាមេរិក “បានយកសំណល់មួយចំនួនចេញពីផ្ទៃសមុទ្រ” ទោះបីជាលក្ខខណ្ឌអាកាសធាតុ មិនអនុញ្ញាតឱ្យមានការឃ្លាំមើល នៅក្រោមសមុទ្រច្រើននៃវាលកំទេចកំទីក៏ដោយ ។
លោក Kirby បានឲ្យដឹងថា ពួកគេនឹង “នៅប៉ុន្មានថ្ងៃខាងមុខនេះ អាចចុះទៅទីនោះ ហើយមើលឱ្យកាន់តែច្បាស់ នូវអ្វីដែលនៅបាតសមុទ្រ ប៉ុន្តែវាទើបតែចាប់ផ្តើម” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា