វីយែន៖ តម្លៃប្រេងបានកើនឡើង សម្រាប់ថ្ងៃទីពីរនៅថ្ងៃអង្គារនេះ ដោយសារការព្រួយបារម្ភ អំពីការផ្គត់ផ្គង់បន្ទាប់ពីការរញ្ជួយដី បានបិទស្ថានីយនាំចេញដ៏សំខាន់មួយ នៅក្នុងប្រទេសតួកគី និងវាលនៅសមុទ្រខាងជើង បានបិទដោយមិននឹកស្មានដល់ ខណៈដែលតម្រូវការនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលធំបំផុត របស់ពិភពលោកមើលទៅនឹងកើនឡើង។
អនាគតប្រេងឆៅរបស់ប្រភេទ Brent បានកើនឡើង ៤០ សេន ឬ ០,៥ភាគរយ ដល់ ៨១,៣៩ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលអនាគតរបស់ប្រេង West Texas Intermediate បានកើនឡើង ៤៣សេន ឬ ០,៦ ភាគរយដល់ ៧៤,៥៤ដុល្លារក្នុងមួយបារ៉ែល។
ប្រតិបត្តិការនៅស្ថានីយប្រេង របស់តួកគីក្នុងទីក្រុង Ceyhan ត្រូវបានបញ្ឈប់បន្ទាប់ពីមានការរញ្ជួយដី ដ៏ធំមួយបានវាយប្រហារក្នុងតំបន់។ រោងចក្រនេះអាចនាំចេញបានរហូតដល់ ១ លានបារ៉ែលក្នុងមួយថ្ងៃនៃប្រេងឆៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។
ភ្នាក់ងារដឹកជញ្ជូនតួកគីបានឲ្យដឹងថា ស្ថានីយ BTC ដែលនាំចេញប្រេងឆៅ Azeri ទៅកាន់ទីផ្សារអន្តរជាតិនឹងត្រូវបិទ នៅថ្ងៃទី៦-៨ ខែកុម្ភៈ ខណៈដែលប្រតិបត្តិករវាយតម្លៃ ការខូចខាតរញ្ជួយដី។
លោក Daniel Hynes អ្នកយុទ្ធសាស្រ្តទំនិញជាន់ខ្ពស់នៅធនាគារ ANZ នៅទីក្រុងស៊ីដនី បានចង្អុលបង្ហាញនៅក្នុងកំណត់ ចំណាំមួយទៅកាន់ការបិទ Ceyhan និងការបិទ ៥៣៥០០០បារ៉ែលដំណាក់កាលទី០១ នៃអណ្តូងប្រេង Johan Sverdrup នៅតំបន់សមុទ្រខាងជើងរបស់ប្រទេសន័រវេស ដែលជាកត្តាជំរុញដ៏សំខាន់ សម្រាប់ការជំរុញ។
លោកបានបន្ថែមថា “សញ្ញានៃតម្រូវការកាន់តែខ្លាំងបានជំរុញមនោសញ្ចេតនា។ ភាគច្រើននៃមនោសញ្ចេតនានោះ ត្រូវបានដឹកនាំដោយសុទិដ្ឋិនិយម លើតម្រូវការប្រេងឥន្ធនៈរបស់ចិន។ ប្រធានទីភ្នាក់ងារនេះបាន និយាយកាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) រំពឹងថាពាក់កណ្តាលនៃកំណើន តម្រូវការប្រេងពិភពលោកក្នុងឆ្នាំនេះ នឹងមកពីប្រទេសចិន ដោយបន្ថែមថា តម្រូវការប្រេងយន្តហោះកំពុងកើនឡើង ៕
ប្រែសម្រួល ឈូក បូរ៉ា