វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារការសម្រេចចិត្តថា រង់ចាំរហូតដល់បាឡុងរបស់ចិន ឆ្លងកាត់សហរដ្ឋអាមេរិក មុនពេលបាញ់ទម្លាក់ ហើយសេតវិមានបានឲ្យដឹងថា ចារកម្មដ៏មានតម្លៃកំពុងត្រូវបាន ដកចេញពីឧបករណ៍នោះ។
ប្រទេសចិនឲ្យដឹងថា បាឡុង គឺជាយន្តហោះសង្កេតអាកាសធាតុខុសឆ្គង ដោយគ្មានគោលបំណងយោធា ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានពណ៌នាថា វាជាយានស៊ើបការណ៍រយៈកម្ពស់ខ្ពស់ដ៏ទំនើប។
យន្តហោះចម្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់បាឡុងកាលពីថ្ងៃសៅរ៍ ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងកើត នៃមហាសមុទ្រអាត្លង់ទិក ហើយកងកម្លាំងទ័ពជើងទឹក និងឆ្មាំឆ្នេរសមុទ្របច្ចុប្បន្ន កំពុងស្រង់យកកំទេចកំទី សម្រាប់ការវិភាគស៊ើបការណ៍។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “នៅពេលដែលវាមកដល់សហរដ្ឋអាមេរិក ពីប្រទេសកាណាដា ខ្ញុំបានប្រាប់ក្រសួងការពារជាតិថា ខ្ញុំចង់បាញ់វាឱ្យបានឆាប់ទៅតាមពេល ដែលសមស្រប” ។
លោកបន្ដថា “ពួកគេបានសន្និដ្ឋានថា យើងមិនគួរបាញ់ទម្លាក់ពីលើដីនោះទេ។ វាមិនមែនជាការគំរាមកំហែងធ្ងន់ធ្ងរនោះទេ ហើយយើងគួរតែរង់ចាំ រហូតដល់វាឡើងលើទឹក ចាំបាញ់ទម្លាក់ ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានឲ្យដឹងថា បុគ្គលិកអាមេរិក “បានយកសំណល់មួយចំនួន ចេញពីផ្ទៃសមុទ្រ” ទោះបីជាលក្ខខណ្ឌអាកាសធាតុ មិនអនុញ្ញាតឱ្យមានការឃ្លាំមើល នៅក្រោមសមុទ្រច្រើននៃ វាលកំទេចកំទីក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា