បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា សមាជិកណាតូមិនទាន់ ឈានដល់ការឯកភាពគ្នាលើលទ្ធភាព នៃការបញ្ជូនយន្តហោះចម្បាំង ទៅកាន់អ៊ុយក្រែននោះទេ។ លោកបានកត់សម្គាល់ថា ចំណាត់ការបែបនេះត្រូវតែ អនុម័តដោយប្លុកទាំងមូល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Morawiecki បានប្រាប់កាសែតអេស្ប៉ាញ El Mundo ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃចន្ទថា “ប្រសិនបើយើងមិនជាប់លាប់ ក្នុងការគាំទ្រអ៊ុយក្រែនទេ នោះអនាគតនៃទ្វីបអឺរ៉ុបនឹងមានបញ្ហា ហើយតម្លៃដែលយើងត្រូវ បង់នឹងខ្ពស់ណាស់” ។
លោកបន្តថា “ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តទាំងអស់លើយន្តហោះចម្បាំង នឹងត្រូវធ្វើឡើងនៅក្នុងអង្គការ ណាតូ ហើយមិនមានកិច្ចព្រមព្រៀង ណាមួយកើតឡើងនៅពេលនេះទេ … គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងទេ” ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពី អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wojciech Skurkiewicz បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ារស្សាវ៉ា មិនមានគម្រោងផ្គត់ផ្គង់ ឱ្យទីក្រុងគៀវជាមួយនឹងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិកនោះទេ។ លោកបានទទូចថា ជំហាននេះអាចត្រូវបានអនុវត្តតែ ក្នុងការសម្របសម្រួលពេញលេញ ជាមួយសមាជិកណាតូផ្សេងទៀតប៉ុណ្ណោះ ៕
ប្រែសម្រួលៈ ណៃ តុលា