ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលមូស្គូ ត្រៀមខ្លួនរួចរាល់ពិភាក្សា ជាធម្មតាឡើងវិញ ជាមួយនឹងលោកខាងលិច

បរទេស៖ យោងតាមការបញ្ជាក់ដោយ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ ក្រសួងការបរទេសរុស្សីលោក Sergey Belyaev កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូនៅពេលនេះ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលយកការពិភាក្សាសំខាន់ៗ ជាមួយនឹងលោកខាងលិចឡើងវិញ ទាំងដោយក្រុមទាំងមូល និងដោយភាគីនីមួយៗក្តី។

សេចក្តីថ្លែងការណ៍ដែល ត្រូវបានធ្វើឡើងជាមួយនឹង កាសែតក្នុងស្រុក RTVI បានបន្តទៀតថា៖ រុស្សីបានត្រៀមខ្លួនរួចរាល់ ក្នុងការចរចាជាមួយនឹងមនុស្សគ្រប់គ្នា ទោះបីជាអង់គ្លេស ហ្វាំងឡង់ ស៊ុយអែត ឬអ្នកណាក៏ដោយ។

លោកបន្តថាប្រសិនបើមានតំរូវការ ឲ្យមានការអង្គុយនៅលើតុចរចារវាងគ្នា និងត្រឡប់មកវិញនៃការពិភាក្សាជាធម្មតា នោះយើងនឹងអាចពិភាក្សាគ្នាទាំងទៅលើ ការកាត់បន្ថយការគម្រាមកំហែងផង និងវិធីសាស្ត្រដើម្បីបង្ការ កុំឲ្យមានការគម្រាមកំហែង រវាងគ្នាផងបាន។

គួរឲ្យដឹងដែរថា ទំនាក់ទនងរវាងរុស្សី និងលោកខាងលិចបានទទួលរង នូវភាពឈឺចាប់និងជូរចត់យ៉ាងខ្លាំង គិតចាប់តាំងតែពីខែកុម្ភៈឆ្នាំទៅកន្លងមកម្ល៉េះក្រោយរុស្សី សម្រេចបើកប្រតិបត្តិការយោធាពិសេស ទៅលើប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី

To Top