ព័ត៌មានអន្តរជាតិ

អ្នកការទូតអេហ្ស៊ីប និងអ៊ីរ៉ុប ជួបពិភាក្សាគ្នា ស្ដីពីស្ថានភាព និងការវិវត្ដរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

គ៊ែរ ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងបេសកជនសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នានៅទីនេះកាលពីថ្ងៃអង្គារអំពីការវិវត្តនៃស្ថានភាពអ៊ីស្រាអែល និងប៉ាឡេស្ទីន និងអំពើហិង្សាដែលកើនឡើងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេសរបស់ប្រទេសនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកការទូតកំពូលអេហ្ស៊ីបលោក Sameh Shoukry បានព្រមានប្រឆាំងនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការវាយប្រហារជាបន្តបន្ទាប់ទៅលើ “សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងឱកាសនៃការឈានដល់ដំណោះស្រាយរដ្ឋពីរ” ។

លោកសង្កត់ធ្ងន់លើជំហរថេររបស់អេហ្ស៊ីប ដែលអំពាវនាវឱ្យឈានដល់ភាពស្ងប់ស្ងាត់នៅលើដី និងបញ្ឈប់សកម្មភាពឯកតោភាគីរបស់អ៊ីស្រាអែល ដែលនឹងធ្វើឱ្យប្រជាជនប៉ាឡេស្ទីន កាន់តែញុះញង់ និងមានឥទ្ធិពលផ្ទាល់លើការបង្កើតផ្លូវសមរម្យ សម្រាប់ការចរចាឡើងវិញ។

រដ្ឋមន្ត្រីអេហ្ស៊ីបបានរំលឹកឡើងវិញនូវតួនាទីសំខាន់ដែលអ្នកលេងអន្តរជាតិ ជាពិសេស សហភាពអឺរ៉ុប អាចដើរតួក្នុងការបញ្ចប់ភាពតានតឹងនាពេលបច្ចុប្បន្ន និងបញ្ឈប់ការរំលោភបំពាន និងការវាយលុកប្រឆាំងនឹងប៉ាឡេស្ទីន ព្រមទាំងលើកទឹកចិត្តភាគីទាំងអស់ឱ្យត្រលប់ទៅតុចរចាវិញ។

សម្រាប់ផ្នែករបស់លោកវិញ លោក Sven Koopmans ប្រេសិតសហភាពអឺរ៉ុបទទួលបន្ទុកដំណើរការសន្តិភាពមជ្ឈិមបូព៌ាបានលើកឡើងថា “សហភាពអឺរ៉ុបចាប់អារម្មណ៍លើការពិគ្រោះយោបល់ និងការសម្របសម្រួលជាមួយអេហ្ស៊ីប ជុំវិញលក្ខខណ្ឌតានតឹងនៅលើទឹកដីប៉ាឡេស្ទីន”។

លោកបានបន្ថែមថា អេហ្ស៊ីបមានតួនាទីសំខាន់ដែលជួយភាគីទាំងពីរផ្លាស់ប្តូរយោបល់ និងមធ្យោបាយសកម្មភាពកាយរឹទ្ធិក្នុងរយៈពេលខាងមុខ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top