អង់ការ៉ា ៖ មហាអំណាចអាមេរិក គួរដកទណ្ឌកម្មរបស់ខ្លួនប្រឆាំង នឹងប្រទេសស៊ីរី ដើម្បីសម្រួលដល់ដំណើរការផ្ដល់ជំនួយគ្រោះរញ្ជួយដីនៅក្នុងប្រទេសនេះ ដោយចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ កាលពីថ្ងៃច័ន្ទ នៅក្នុងប្រទេសតួកគី និងស៊ីរីកើនឡើងដល់ជាង ៦០០០នាក់។
យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាលអភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង ១៤៤៩នាក់រៀងៗខ្លួននៅក្នុងទីក្រុងតួកគី និងស៊ីរី។
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានរារាំងដោយអាកាសធាតុអាក្រក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកគី នៅម៉ោង ៤ និង ១៧ នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃច័ន្ទ បន្ទាប់មកដោយការរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ ប៉ុន្មាននាទីក្រោយមកនៅខេត្ត Gaziantep ភាគខាងត្បូងរបស់ប្រទេស និងការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រនៅ Kahramanmaras ។
ខេត្ត Hatay ភាគខាងត្បូងរបស់តួកគី និងទីក្រុង Aleppo ភាគខាងជើងនៃប្រទេសស៊ីរី បានទទួលរងការបាត់បង់ជីវិតដ៏ធំបំផុត ខណៈដែលប្រទេសលីបង់ អ៊ីស្រាអែល និងប្រទេសស៊ីប ក៏មានអារម្មណ៍ពីសភាពញ័រផងដែរ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលបីខែកាលពីថ្ងៃអង្គារនៅក្នុងខេត្តចំនួន ១០ របស់ប្រទេសដែលរងគ្រោះដោយការរញ្ជួយដី។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីធានាថាសកម្មភាពស្វែងរក និងជួយសង្គ្រោះ និងការសិក្សាជាបន្តបន្ទាប់អាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល ឈូក បូរ៉ា