ព័ត៌មានអន្តរជាតិ

Update: កងទ័ពជើងទឹកអាមេរិក បញ្ចេញរូបភាពដំបូងនៃការប្រមូលកំទេចកំទីបាឡុងចារកម្ម របស់ចិន

វ់ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចេញផ្សាយរូបភាពផ្លូវការដំបូងនៃការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីយកមកវិញនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនឲ្យដឹងថា ជា “បាឡុងចារកម្ម” របស់ចិន ដែលត្រូវបានបាញ់ទម្លាក់ពីលើមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។

រូបថតដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញឱ្យឃើញសមាជិកកងទ័ពជើងទឹកអាមេរិកមកពីក្រុមអាវុធជាតិផ្ទុះ ឈរលើទូកខ្យល់រាងរឹង ហើយទាញក្រណាត់ និងរចនាសម្ព័ន្ធសំបកខាងក្រៅពណ៌សរបស់បាឡុង ចេញពីលើផ្ទៃទឹក។

ដោយប្រើយន្តហោះដ្រូននៅក្រោមទឹក នាវាចម្បាំង និងទូកខ្យល់ កងនាវាចរអាមេរិក កំពុងអនុវត្តប្រតិបត្តិការដ៏ទូលំទូលាយមួយ ដើម្បីប្រមូលបំណែកឧបករណ៍ទាំងអស់ ដែលបានចំណាយពេលជាច្រើនថ្ងៃ ក្នុងការប្រមូលកំទេចកំទីបាឡុង ដែលបានហោះហើរលើអាមេរិកខាងជើងកាលពីសប្តាហ៍មុន មុនពេលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍ នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។

បាឡុងនេះមានកម្ពស់ប្រហែល ៦០ម៉ែត្រ (២០០ ហ្វីត) ហើយកំពុងផ្ទុកកញ្ចប់ឧបករណ៍ចាប់សញ្ញាដ៏វែងមួយនៅក្រោម ដែលប្រមុខបញ្ជាការខាងជើងសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Glen VanHerck បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា មានទំហំប៉ុនយន្តហោះខ្នាតតូចក្នុងតំបន់។

ខណៈពេលដែលទីក្រុងប៉េកាំងបានឲ្យដឹងថា បាឡុងនេះ គឺជា “បាឡុងស៊ីវិលគ្មានមនុស្សបើក” ដែលត្រូវបានប្រមូលទិន្នន័យអាកាសធាតុជាចម្បង ហើយបានផ្ទុះឡើងនោះ ទីក្រុងវ៉ាស៊ីនតោន បានបរិហារវត្តមានរបស់ខ្លួននៅក្នុងដែនអាកាសអាមេរិកថាជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top