ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការផ្គត់ផ្គង់សព្វាវុធ របស់លោកខាងលិច ដល់អ៊ុយក្រែន កំពុងអូសអង្គការណាតូ ដោយផ្ទាល់ទៅក្នុងជម្លោះ ហើយអាចនាំឱ្យមានការភាពតានតឹង កើនឡើង “ដែលមិនអាចទាយទុក ជាមុនបាន” ។
រដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu បានឲ្យដឹងនៅក្នុងសន្និសីទមួយ កាលពីថ្ងៃអង្គារជាមួយមន្ត្រីយោធាថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងព្យាយាមអូសបន្លាយ ជម្លោះឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន” ។
លោកបានលើកឡើងថា “ដើម្បីធ្វើដូច្នេះ ពួកគេបានចាប់ផ្តើម ផ្គត់ផ្គង់សព្វាវុធ វាយលុកខ្លាំង ដោយជំរុញឱ្យអ៊ុយក្រែន ដោយបើកចំហរឱ្យ ដណ្តើមយកទឹកដី របស់យើង។ តាមពិត ជំហានបែបនេះកំពុងអូសទាញ ប្រទេសណាតូ ទៅក្នុងជម្លោះ ហើយអាចឈានទៅដល់កម្រិត នៃការកើនឡើង ដែលមិនអាចទាយទុកជាមុនបាន”។
ការលើកឡើងរបស់លោកចំពោះ “ទឹកដីរបស់យើង” ហាក់ដូចជាសំដៅទៅលើតំបន់ចំនួនបួននៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដូចជាតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson – ដែលរុស្ស៊ីអះអាងថា បានបញ្ចូលបន្ទាប់ពីការបោះឆ្នោតប្រជាមតិកាលពីខែកញ្ញាឆ្នាំមុន ដែលត្រូវបានថ្កោលទោសដោយទីក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថា មិនស្របច្បាប់។
ទឹកដីភាគច្រើនក្នុងតំបន់ដែលរុស្សីទាមទារបច្ចុប្បន្នគឺស្ថិតក្នុងដៃអ៊ុយក្រែន។ ទីក្រុងមូស្គូ បានចោទប្រកាន់សម្ព័ន្ធមិត្តណាតូម្តងហើយម្តងទៀតថា បានដើរតួនាទីផ្ទាល់នៅក្នុងសង្គ្រាមដោយផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ។
អ៊ុយក្រែនបានឲ្យដឹងថា សព្វាវុធត្រូវការជាបន្ទាន់ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី និងបង្កើនកម្លាំងបាញ់របស់ខ្លួន សម្រាប់ការវាយលុកនិទាឃរដូវប្រឆាំងនឹងកងកម្លាំងរបស់ទីក្រុងម៉ូស្គូ។ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងមូស្គូ កំពុងប្រមូលអាវុធ និងបម្រុង សម្រាប់ការវាយលុកជាថ្មីក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភ អំពីទិសដៅនាពេលថ្មីៗនេះ នៃសង្គ្រាម។ លោកបាននិយាយនៅក្នុងសុន្ទរកថា កាលពីល្ងាចថ្ងៃចន្ទថា ទស្សនវិស័យសន្តិភាព “បន្តថយចុះ” និង “ឱកាសនៃការកើនឡើង ភាពតានតឹង និងការបង្ហូរឈាម បន្តកើនឡើង”៕
ប្រែសម្រួល ឈូក បូរ៉ា