ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីថា ការផ្គត់ផ្គង់អាវុធ និងញុះញុងអ៊ុយក្រែនឱ្យដណ្តើមទឹកដីពីរុស្ស៊ី គឺជាការអូសទាញណាតូ ទៅក្នុងជម្លោះ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងព្យាយាមយ៉ាងសកម្ម ក្នុងការអូសបន្លាយជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាម ការលើកឡើងរបស់លោក Shoigu ថា ដើម្បីធានាថាការប្រយុទ្ធគ្នានៅតែបន្ត លោកខាងលិចបានចាប់ផ្តើម ផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ខណៈពេលដែលជំរុញទីក្រុងគៀវ ឱ្យដណ្តើមយកទឹកដីរុស្ស៊ីដោយបើកចំហ ដោយលោកបានព្រមានថា “ចលនាបែបនេះគឺជាការអូសទាញ ប្រទេសណាតូទៅក្នុងជម្លោះ ហើយអាចនាំទៅរកការមិនអាច ទាយទុកជាមុនបានពីការកើនឡើងជម្លោះ។

កាលពីខែមុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរដ្ឋមួយចំនួនទៀតរបស់ អង្គការណាតូបានប្រកាសថា ពួកគេនឹងផ្គត់ផ្គង់កងកម្លាំងអ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធសំខាន់ៗទំនើបៗដូចជា Leopard 2 និង M1 Abrams ជាដើម។ ទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយផងដែរថា ខ្លួននឹងផ្គត់ផ្គង់ឱ្យអ៊ុយក្រែន នូវគ្រាប់បែកអង្កត់ផ្ចិតតូច (GLSDB) ស្រដៀងមីស៊ីល ដែលបាញ់បានរយៈចម្ងាយរហូតដល់ ១៥០ គីឡូម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យកងកម្លាំង របស់អ៊ុយក្រែនវាយប្រហារ គោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top