បរទេស៖ កោះតៃវ៉ាន់នឹងពន្លឿនការអភិវឌ្ឍន៍ និងផលិតយន្តហោះគ្មានមនុស្សបើកយោធា ដោយមានជំនួយពីក្រុមហ៊ុនស៊ីវិល ចំពេលមានភាពតានតឹង កើនឡើងជាមួយចិនដីគោក, នេះបើតាមលោក Chi Li-ping អ្នកជំនាញនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារដ្ឋ Chung-Shan របស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារ។
លោក Chi ដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវ ប្រព័ន្ធអាកាសចរណ៍របស់វិទ្យាស្ថាន ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មាន Military Newsរបស់ក្រសួងថា “ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង របស់សត្រូវដែលមានស្រាប់ និងការប្រើប្រាស់បទពិសោធន៍នៃ យន្តហោះគ្មានមនុស្សបើកដែលបង្កើត និងដាក់ពង្រាយកំឡុងពេល ជម្លោះរុស្ស៊ី-អ៊ុយក្រែន យើងនឹងបង្កើតកម្លាំងប្រយុទ្ធមិនស្មើគ្នា ដែលមានយន្តហោះគ្មានមនុស្សបើក… ក្រសួងការពារជាតិតៃវ៉ាន់ កំពុងពន្លឿនការអភិវឌ្ឍន៍ និងការផលិត យន្តហោះគ្មានមនុស្សបើកប្រភេទផ្សេងៗ” ។
ទីភ្នាក់ងារព័ត៌មានកណ្តាល របស់តៃវ៉ាន់បានរាយការណ៍ថា វិទ្យាស្ថាននេះកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជនដើម្បីបង្កើត យន្តហោះគ្មានមនុស្សបើកប្រយុទ្ធ, យន្តហោះស៊ើបការណ៍លើគោក និងពីលើអាកាស យន្តហោះគ្មានមនុស្សបើកខ្នាតតូច និងយន្តហោះដែលមាន សមត្ថភាពបាញ់ចំយកគោលដៅ ហើយគំរូដំបូងគេរំពឹងថា នឹងមាននៅខែសីហា ៕
ប្រែសម្រួលៈ ណៃ តុលា