ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស៊ើបអង្កេត ៖ លោក ពូទីន បានអនុម័តការផ្គត់ផ្គង់មីស៊ីល ដែលបានបាញ់ទម្លាក់ ជើងហោះហើរ MH17 កាលពីឆ្នាំ២០១៤

បរទេស ៖ ក្រុមអ្នកស៊ើបអង្កេត ដែលកំពុងសម្លឹងមើលការ ធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីក្នុងឆ្នាំ២០១៤ បានឲ្យដឹងថា មានការចង្អុលបង្ហាញខ្លាំង ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមលើការផ្គត់ផ្គង់កាំជ្រួច ដែលបានបាញ់ទម្លាក់យន្តហោះនេះ។

ក្រុមស៊ើបអង្កេតរួមគ្នាមកពីប្រទេសចំនួន៦ បានឲ្យដឹងថា “មានការចង្អុលបង្ហាញយ៉ាងខ្លាំងដែលប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តលើការផ្គត់ផ្គង់ Buk TELAR ដល់ក្រុមបំបែកខ្លួនរបស់ DPR (Donetsk People’s Republic)” ។

ប៉ុន្តែពួកគេបានឲ្យដឹងថា ភស្តុតាងនៃការជាប់ ពាក់ព័ន្ធរបស់លោក ពូទីន និងមន្ត្រីរុស្ស៊ីផ្សេងទៀត គឺមិនច្បាស់លាស់គ្រប់គ្រាន់  ដើម្បីឈានទៅដល់ការ កាត់ទោសព្រហ្មទណ្ឌ ហើយថាពួកគេនឹងបញ្ចប់ការស៊ើបអង្កេត របស់ពួកគេដោយគ្មានការ កាត់ទោសបន្ថែមទៀត។

ក្រុមអ្នកស៊ើបអង្កេតធ្លាប់បានឲ្យដឹងថា ពួកគេចង់ស្វែងរកថា អ្នកណាជាអ្នកបង្កើតកាំជ្រួច BUK ហើយតើអ្នកណានៅក្នុងខ្សែសង្វាក់បញ្ជា។  កាំជ្រួច​ត្រូវ​បាន​គេ​ចោទ​ថា​បាន​នាំ​ចេញ​ពី​មូលដ្ឋាន​យោធា​រុស្ស៊ី​ក្នុង​ទីក្រុង Kursk ប៉ុន្តែ​ពួក​គេ​បាន​ទទួល​ស្គាល់​ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ពេល​នេះ។

ព្រះរាជអាជ្ញា Digna van Boetzelaer បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងឡាអេថា “ការស៊ើបអង្កេតបានឈានដល់កម្រិតកំណត់ហើយ ការ​រក​ឃើញ​នេះ​មិន​គ្រប់គ្រាន់ ​សម្រាប់​ការ​កាត់ទោស​ជន​សង្ស័យ​ថ្មី​នោះ​ទេ”។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បដិសេធ​រាល់​ការ​ជាប់​ពាក់ព័ន្ធ ​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល ដែល​បាន​សម្លាប់​អ្នក​ដំណើរ និង​នាវិក ២៩៨​នាក់កាលពីឆ្នាំ២០១៤កន្លងទៅនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top