វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចេញផ្សាយព័ត៌មានលំអិតថ្មី អំពីបាឡុងចារកម្មរបស់ចិន ដែលបានហោះហើរ លើប្រទេសកាលពីសប្តាហ៍មុន ដោយលើកឡើងថា បាឡុងនេះគឺច្បាស់ណាស់ ត្រូវបានប្រើ ដើម្បីប្រមូលព័ត៌មានសម្ងាត់ ។
មន្ត្រីក្រសួងការបរទេសអាមេរិក បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បាឡុង ដែលត្រូវបានបាញ់ ទម្លាក់ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅលើមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីឆ្លងកាត់ទ្វីបអាមេរិក “មានសមត្ថភាពធ្វើប្រតិបត្តិការ ប្រមូលព័ត៌មានសម្ងាត់” ។
ទីក្រុងវ៉ាស៊ីនតោន ក៏បានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំង ម្តងទៀតដែលថា បាឡុងនេះត្រូវបានប្រើ សម្រាប់ការស្រាវជ្រាវឧតុនិយម ហើយបានបង្វែរទិសដៅ របស់វាចូលទៅក្នុងដែនអាកាសអាមេរិក។
មន្ត្រីអាមេរិកបាឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយថា “ឧបករណ៍របស់បាឡុងកម្ពស់ខ្ពស់ គឺច្បាស់ណាស់ សម្រាប់ការតាមដានស៊ើបការណ៍ និងមិនស៊ីសង្វាក់គ្នា ជាមួយនឹងឧបករណ៍នៅលើបាឡុងអាកាសធាតុ”។
ប្រភពបានឲ្យដឹងទៀតថា “វាមានអង់តែនច្រើន ដើម្បីរួមបញ្ចូលអារេ ដែលទំនងជា អាចប្រមូល និងទំនាក់ទំនងតាមទីតាំងភូមិសាស្ត្រ។ វាត្រូវបានបំពាក់ដោយបន្ទះស្រូប ពន្លឺព្រះអាទិត្យ ដែលមានទំហំធំល្មម ដើម្បីផលិតថាមពល ដែលត្រូវការដើម្បីដំណើរ ការឧបករណ៍ចាប់សញ្ញាប្រមូលព័ត៌មានសកម្មជាច្រើន”។ ប្រទេសចិន បានថ្កោលទោស ការបាញ់ទម្លាក់បាឡុង ដែលខ្លួនបានឲ្យដឹងថាជា “បាឡុងស៊ីវិលគ្មានមនុស្សបើក” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
