ហ្សឺណែវ៖ អាហ្រ្វិក កំពុងមើលឃើញការកើនឡើងនៃករណីជំងឺអាសន្នរោគ ចំពេលមានការកើនឡើងជាសកល ខណៈដែលករណីដែលបានកត់ត្រានៅលើទ្វីបក្នុងខែដំបូងនៃឆ្នាំ២០២៣ តែមួយបានកើនឡើងរួចទៅហើយជាង ៣០ ភាគរយនៃករណីផ្ទុកសរុប ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២២ ទាំងមូល។
យោងតាមការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក សម្រាប់ទ្វីបអាហ្រ្វិក ដែលមានមូលដ្ឋាននៅទីក្រុង Brazzaville រដ្ឋធានីនៃសាធារណរដ្ឋកុងហ្គោ មានករណីប៉ាន់ស្មានចំនួន ២៦០០០ករណី និងអ្នកស្លាប់ចំនួន៦៦០នាក់ ត្រូវបានរាយការណ៍គិតត្រឹមថ្ងៃទី២៩ ខែមករា នៅក្នុងប្រទេសអាហ្វ្រិកចំនួន ១០ ដែលប្រឈមនឹងការផ្ទុះឡើងចាប់តាំងពីដើមឆ្នាំមក។
ករណីជិត ៨០០០០ និងការស្លាប់ ១៨៦៣នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេស ដែលរងផលប៉ះពាល់ចំនួន ១៥ ក្នុងឆ្នាំ២០២៣ ខណៈដែលករណី ១៤១,៤៦៧ករណី និងការស្លាប់ចំនួន ៤,០៩៤នាក់ ត្រូវបានចុះបញ្ជីនៅឆ្នាំ២០២១។
WHO បានព្រមានថា ប្រសិនបើនិន្នាការកើនឡើងយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះនៅតែបន្ត ការឆ្លងនៅឆ្នាំនេះអាចលើសពីចំនួនករណីដែលបានកត់ត្រាក្នុងឆ្នាំ២០២១ ដែលជាឆ្នាំដ៏អាក្រក់បំផុត សម្រាប់ជំងឺអាសន្នរោគនៅទ្វីបអាហ្វ្រិកក្នុងរយៈពេលជិតមួយទសវត្សរ៍។
អត្រាមរណភាពករណីជាមធ្យមបច្ចុប្បន្នគឺស្ទើរតែ ៣ ភាគរយ លើសពី ២,៣ភាគរយដែលបានកត់ត្រាក្នុងឆ្នាំ ២០២២ ហើយលើសពីកម្រិត ដែលអាចទទួលយកបានក្រោម ១ភាគរយ នេះបើយោងតមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ភាគច្រើននៃករណីថ្មី និងការស្លាប់ត្រូវបានកត់ត្រានៅក្នុងប្រទេសម៉ាឡាវី ដែលកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺអាសន្នរោគដ៏អាក្រក់បំផុតក្នុងរយៈពេលពីរទសវត្សរ៍។ ប្រទេស ម៉ូហ្សំប៊ិក និងហ្សាំបៀ ដែលជាប្រទេសជិតខាងទាំងពីររបស់ម៉ាឡាវី បានរាយការណ៍ករណីថ្មីៗនេះផងដែរ។
នៅអាហ្រ្វិកខាងកើត អេត្យូពី កេនយ៉ា និងសូម៉ាលី កំពុងឆ្លើយតបទៅនឹងការផ្ទុះឡើង ចំពេលមានគ្រោះរាំងស្ងួត ដ៏អូសបន្លាយ និងធ្ងន់ធ្ងរ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។ ប្រទេសប៊ូរុនឌី កាមេរូន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងនីហ្សេរីយ៉ា ក៏បានរាយការណ៍ករណី ឆ្លងច្រើនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា