គៀវ៖ យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា យន្តហោះដ្រូន ដែលផលិតដោយអ៊ីរ៉ង់ ដែលផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី ត្រូវបានកែប្រែ ដើម្បីបំពេញតាមតម្រូវការរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បី “ធានាការខូចខាតអតិបរមាដល់គោលដៅ” ។
កាលពីថ្ងៃព្រហស្បតិ៍ អង្គការ Conflict Armament Research ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចេញផ្សាយរបាយការណ៍មួយអំពីយន្តហោះដ្រូនធុន Shahed-131 ដែលផលិតដោយអ៊ីរ៉ង់ ដែលគេជឿថា ត្រូវបានប្រើប្រាស់ដោយរុស្ស៊ីក្នុងសង្គ្រាម ដែលកំពុងបន្តប្រឆាំងនឹងអ៊ុយក្រែន។
ប្រភពបានឲ្យដឹងថា “នៅក្នុងខែមករា ឆ្នាំ២០២៣ ក្រុមស៊ើបអង្កេតផ្នែក CAR បានចងក្រងឯកសារអំពីក្បាលគ្រាប់របស់យន្តហោះដ្រូន UAV នៃយន្ដហោះដ្រូនធុន Shahed-131 របស់អ៊ីរ៉ង់។ នេះជាលើកទីមួយហើយ ដែលការវិភាគលើក្បាលគ្រាប់ទាំងនេះត្រូវបានចេញផ្សាយជាសាធារណៈ។
ការវិភាគរបស់ CAR បង្ហាញ របាយការណ៍នេះបានថា ក្បាលគ្រាប់ពហុគោលបំណងនេះត្រូវបានរចនាឡើង ដើម្បីធានាការខូចខាតអតិបរមាដល់គោលដៅដូចជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ខណៈពេលដែលវាមានឥទ្ធិពលយ៉ាងសំខាន់លើសមត្ថភាពក្នុងការអនុវត្តកិច្ចខិតខំប្រឹងប្រែងជួសជុលរហ័ស។
របាយការណ៍នេះកើតឡើងនៅពេលដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនជិតដល់មួយឆ្នាំហើយ ខណៈដែលដំបូងឡើយលោកពូទីនបានប្រកាស “ប្រតិបត្តិការយោធាពិសេស” កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ចំពេលសង្រ្គាមដែលកំពុងបន្ត មានរបាយការណ៍ជាច្រើនអំពីអ៊ីរ៉ង់ផ្គត់ផ្គង់ឱ្យរុស្ស៊ីជាមួយយន្ដហោះដ្រូនធុន Shahed- ១៣១ និង ១៣៦ ។
អនុប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន លោក Vadym Skibitsky បានឲ្យដឹងនៅសប្តាហ៍នេះថា រុស្ស៊ីកំពុងរៀបចំផែនការ “វាយលុក” អ៊ុយក្រែនជាមួយនឹងយន្តហោះដ្រូនធុន Shahed ដែលផលិតដោយអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា