ព័ត៌មានអន្តរជាតិ

ជប៉ុន ចាប់ខ្លួនមេខ្លោង គ្រោងរៀបផែនការឆបោកប្រាក់លុយ និងប្លន់ ខណៈកំពុងជាប់គុក នៅបរទេស

តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប៉ូលិសរបស់ប្រទេសជប៉ុន បានចាប់ខ្លួនបុរស ៤នាក់ ដោយជាប់ចោទពីបទរៀបចំផែនការឆបោកលុយ និងប្លន់ ខណៈកំពុងជាប់ពន្ធនាគារ នៅឯបរទេស ក្នុងករណីដែលចាប់បាននៅក្នុងប្រទេសនេះ ។

អាជ្ញាធរឲ្យដឹងថា ពួកគេបានកំណត់គោលដៅ មនុស្សចាស់ ហើយលួច ឬបោកប្រាស់ជនរងគ្រោះ របស់ពួកគេគិតជាទឹកប្រាក់ រាប់ពាន់លានដុល្លារអាមេរិក ។

ចេញពីពន្ធនាគារនៅក្នុងប្រទេសហ្វីលីពីន បុរសទាំងនោះអាចជ្រើសរើសអ្នកសមគំនិតក្នុងប្រទេសជប៉ុន ដើម្បីធ្វើសកម្មភាពប្លន់ ។

ម្នាក់ក្នុងចំណោមពួកគេត្រូវបានគេនិយាយថា ជាមេក្លោងដែលហៅមានរហស្សនាមថា “Luffy” បន្ទាប់ពីតួអង្គ Anime ដ៏ពេញនិយម ។

អាជ្ញាធរហ្វីលីពីនបាននិរទេសពួកគេ២នាក់គឺឈ្មោះ Kiyoto Imamura និងឈ្មោះ Toshiya Fujita ទៅកាន់ប្រទេសជប៉ុនកាលពីដើមសប្តាហ៍នេះ ។

ចំណែក២នាក់ទៀតគឺ ឈ្មោះ Yuki Watanabe និងឈ្មោះ Tomonobu Kojima បានមកដល់ប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ ។

ពួកគេស្ថិតក្នុងចំណោម ជនជាតិជប៉ុន រាប់សិបនាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីចុងឆ្នាំ២០១៩ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្ម ឆបោកប្រាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top