ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានប្រឆាំងនឹងការ ផ្តល់យន្តហោះចម្បាំង របស់លោកខាងលិច ទៅឱ្យអ៊ុយក្រែន

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្សីនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងជម្លោះជាមួយអ៊ុយក្រែន ដោយមិនគិតពីថាតើចក្រភពអង់គ្លេស ផ្តល់យន្តហោះចម្បាំង ដល់ទីក្រុងគីវ ឬយ៉ាងណានោះទេ។ ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអង្វរករសុំសមាជិកសភា អង់គ្លេស នូវយន្តហោះចម្បាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Peskov បាននិយាយថា ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង កំពុងជាប់ពាក់ព័ន្ធកាន់តែខ្លាំងឡើងនៅក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថា “ខ្សែបន្ទាត់រវាងការចូលរួមដោយប្រយោល និងដោយផ្ទាល់កំពុង បាត់បន្តិចម្តងៗ” ដោយបន្ថែមថានេះជំរុញឱ្យមានការកើនឡើងភាពតានតឹងបន្ថែមទៀត។

យោងតាមលោក Peskov, ការដឹកជញ្ជូនអាវុធលោកខាងលិចកំពុង “អូសបន្លាយជម្លោះនេះ ធ្វើឱ្យអ៊ុយក្រែនកាន់តែរងទុក្ខ និងជាការធ្វើទារុណកម្មសម្រាប់អ៊ុយក្រែន” ។

លោកបានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីគាំទ្រដល់យោធាអ៊ុយក្រែន នឹងមិនផ្លាស់ប្តូរលទ្ធផលនៃអរិភាព ឬ “គន្លងដែលប្រទេសរបស់យើងកំពុងដើរតាម ទាក់ទងនឹងការសម្រេចបាននូវគោលដៅ [របស់ខ្លួន]” នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top