អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Fahrettin Koca រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសតួកគី បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនដល់២០.២១៣នាក់ នៅទីក្រុងរបស់ប្រទេសតួកគី ខណៈអ្នករបួសមានចំនួន៨០.០៥២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងប្រទេសឲ្យបានដឹង ។
លោក Koca បានកត់សម្គាល់ថា ខេត្ត Hatay ភាគខាងត្បូងនៃប្រទេសតួកគី មានអ្នកស្លាប់ និងរបួសច្រើនជាងគេ ដោយមានមនុស្សចំនួន៦.២០៥នាក់បានស្លាប់ និង១៧.៨២៣នាក់ផ្សេងទៀតរងរបួស ។
លោកបានប្រាប់ដល់អ្នកយកព័ត៌មាននៅឯ Hatay ថា “បន្ទាប់ពីមានការឆ្លើយតបជាបន្ទាន់ ប្រជាពលរដ្ឋរបស់យើងចំនួន ២០.០០០នាក់ ដែលត្រូវបានជួយសង្គ្រោះ ពីគំនរបាក់បែកត្រូវបានផ្ទេរទៅកាន់ខេត្តនានានៅក្រៅតំបន់តាមអាកាស រថយន្តសង្គ្រោះបន្ទាន់លើគោក និងរថយន្តតាមផ្លូវសមុទ្រ” ។
គាត់បានលើកឡើងថា រូបថតឌីជីថលរបស់អ្នកជំងឺដែលអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណត្រូវបានបញ្ចូលទៅក្នុងកម្មវិធីពិសេស សម្រាប់ការប្រៀបធៀបនៅឡើយទេ ។
គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័របានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកគី នៅម៉ោង៤និង១៧នាទីព្រឹកម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១និង១៧នាទីម៉ោងសកល កាលពីថ្ងៃចន្ទ បន្ទាប់មកមានការរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ នៅប៉ុន្មាននាទីក្រោយមកនៅក្នុងខេត្ត Gaziantep ភាគខាងត្បូងរបស់ប្រទេសនេះ និងការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រនៅម៉ោង១និង២៤នាទី ម៉ោងក្នុងស្រុកនៅ Kahramanmaras ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា