ព័ត៌មានអន្តរជាតិ

ថៃ៖ សមាជិកព្រឹទ្ធសភាមួយរូបថា សមាជិកព្រឹទ្ធសភាមួយក្រុម នឹងមិនបោះឆ្នោត ឱ្យកូនស្រីលោកថាក់ស៊ីន នោះទេ

បរទេស៖ សមាជិកព្រឹទ្ធសភា គឺលោក Wanchai Sornsiri និយាយថា សមាជិកព្រឹទ្ធសភាមួយក្រុម រួមទាំងរូបលោកផងដែរ នឹងមិនបោះឆ្នោតឱ្យលោកស្រី Paetongtarn “Ung-Ing” Shinawatra នៃគណបក្សភឿថៃ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់នោះទេ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំង កាលពីថ្ងៃសៅរ៍បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់លោកថា “សមាជិកសភា ឬសមាជិកព្រឹទ្ធសភាចំនួន ២៥០រូប តើអ្នកណានឹងឈ្នះឆ្នោត?” លោកចង់និយាយសំដៅ ទៅលើការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីក្នុងសភា។

លោកស្រី Paetongtarn ដែលជាកូនស្រីពៅ របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាប្រធានទីប្រឹក្សាស្តីពីការចូលរួមជាសាធារណៈ និងការច្នៃប្រឌិត របស់គណបក្សភឿថៃ បានប្តេជ្ញាដឹកនាំគណបក្សប្រឆាំង ដ៏ធំមួយនេះឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលបន្ទាប់ ដែលគ្រោងនឹង ធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំនេះ។

យោងតាមលោក Wanchai គឺថា គណបក្សណាមួយដែលមានសមាជិកសភា លើសពីពាក់កណ្តាល នៃសមាជិកសភាទាំងអស់ គួរតែជាគណបក្សស្នូល ដើម្បីបង្កើតរដ្ឋាភិបាល ហើយទាំងសមាជិកសភា និងសមាជិកព្រឹទ្ធសភាបានយល់ព្រម ក្នុងគោលការណ៍នេះ។

លោកបានបន្ថែមថា ការជ្រើសរើសនាយករដ្ឋមន្ត្រីមានសារៈសំខាន់ ព្រោះបុគ្គលត្រូវមានការដឹកនាំ និងទទួលបានការទទួលយកពីសភា និងប្រជាជាតិទាំងមូល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top