ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ថា អាជ្ញាធរទទួលបន្ទុកកិច្ចការ អនាម័យ របស់ប្រទេសគុយបា កាលពីថ្ងៃសុក្រ បានបង្កើនវិធានការ ផ្តាសាយបក្សី បន្ទាប់ពីបានរកឃើញករណីដំបូង នៃជំងឺនេះនៅក្នុង សួនសត្វនៅទីនេះ ។
មជ្ឈមណ្ឌលសុខភាពសត្វជាតិ របស់ប្រទេសគុយបា ហៅកាត់ថា (CENASA) បានណែនាំដល់ប្រជាជន ឱ្យជូនដំណឹងអំពីការរក ឃើញសត្វស្លាបងាប់ ក៏ដូចជាជៀសវាងការប៉ះពាល់ ជាមួយសត្វឈឺ ។
មជ្ឈមណ្ឌលខាងលើនេះ ក៏បានស្នើឱ្យប្រជាជនជៀសវាង ការប៉ះពាល់ មាត់ ច្រមុះ ឬភ្នែក បន្ទាប់ពីបានប៉ះពាល់ជាមួយសត្វស្លាប ឬផ្ទៃដែលអាចឆ្លងមេរោគ ក៏ដូចជារក្សាការលាងដៃ និងប្រើប្រាស់ដំណោះស្រាយ សម្លាប់មេរោគ ។
លើសពីនេះ វិធានការដ៏តឹងរ៉ឹង រួមទាំងការសម្លាប់សត្វស្លាប ដែលមានមេរោគ និងការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានដាក់នៅឯសួនសត្វនោះផងដែរ ។
រដ្ឋាភិបាលគុយបាបានបញ្ជាក់ថា ជំងឺផ្ដាសាយបក្សីនៅលើកោះនេះ ស្ថិតនៅក្រោមការគ្រប់គ្រង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា