ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Mahathir និងសមាជិក១២រូបទៀត ប្រកាសលាឈប់ពីសមាជិកបក្ស ដែលខ្លួនបានបង្កើតឡើង

កូឡាឡាំពួរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី២ សម័យកាល បានប្រកាសចាកចេញពីបក្ស Parti Pejuang Tanah Air (Pejuang) ដែលលោកបានបង្កើតឡើង ។

នៅក្នុងសេចក្តី ជូនដំណឹងមួយ ទៅកាន់អគ្គលេខាធិការ បក្ស Pejuang លោក Amiruddin Hamzah លោកបណ្ឌិត Mahathir និងសមាជិក ១២នាក់ផ្សេងទៀត បានលើកឡើងថា ពួកគេកំពុងចាកចេញ បន្ទាប់ពីការសម្រេចចិត្ត របស់គណបក្សក្នុងការកាត់ផ្តាច់ ទំនាក់ទំនងជាមួយសម្ព័ន្ធបក្ស Gerakan Tanah Air (GTA) ។

លោកបានបញ្ជាក់ថា “ការសម្រេចចិត្ត របស់បក្ស Pejuang ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយ GTA ដោយផ្ទាល់ធ្វើឱ្យយើងបាត់បង់ សិទ្ធិក្នុងការបន្តជាសមាជិក ដូចដែលយើងមានបំណង បន្តការតស៊ូនៅលើវេទិកា GTA” ។

“សម្រាប់ពួកយើង គោលដៅ នៃការតស៊ូ GTA គឺដើម្បីបង្រួបបង្រួមគណបក្សម៉ាឡេ អង្គការមិនមែនរដ្ឋាភិបាល និងបុគ្គលដែលមានគោលការណ៍ និងប្រកាន់ខ្ជាប់នូវការតស៊ូ ដើម្បីការពារសាសនា ជាតិ និងប្រទេស” ។ លោកបានសង្កត់ធ្ងន់ដូច្នេះ ។

“ផ្អែកលើមូលដ្ឋាននេះ យើងជ្រើសរើសបន្តការតស៊ូ តាមរយៈ GTA” ដែលចែងក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយបុគ្គលទាំង១៣នាក់ ។

គេបានដឹងថា ការជូនដំណឹងនេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃសុក្រ ដោយអតីតអនុប្រធានបក្ស Pejuang លោក Marzuki Yahya ដែលជាអ្នកចុះហត្ថលេខាតែម្នាក់គត់ ។

គួរបញ្ជាក់ថា បក្ស Pejuang ត្រូវបានបង្កើតឡើង ដោយលោកបណ្ឌិត Mahathir ក្នុងខែសីហា ឆ្នាំ២០២០ ហើយគាត់បានលាលែង ពីតំណែងជាប្រធានកាលពីខែធ្នូឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top