លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Jorge Chavez រដ្ឋមន្ត្រីការពារជាតិ បានថ្លែងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៨នាក់ហើយ ដោយសារការបាក់ដីនៅខេត្ត Camana ភាគខាងត្បូងនៃប្រទេសប៉េរូ នៅក្នុងតំបន់ Arequipa ។
មន្ត្រីរូបនេះបានថ្លែង នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Programas del Peru ថា “នៅគ្រាដែលយើងទៅដល់តំបន់នោះ មានតែអ្នកស្លាប់ចំនួន១៥នាក់ប៉ុណ្ណោះដែលត្រូវបានគេកំណត់អត្តសញ្ញាណ ប៉ុន្តែឥឡូវនេះវាបានកើនដល់១៨នាក់” ។
លោក Chavez បានឲ្យដឹងទៀតថា មនុស្ស២០នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់កាលពីចុងសប្តាហ៍មុន ដែលបណ្តាលឱ្យទឹកទន្លេហូរហៀរ ។
នៅក្នុងចំណោមទីប្រជុំជនដែលរងផលប៉ះពាល់រួមមាន ខេត្ត Pampaylima, Venado de Oro, Infiernillo, San Martin, Miski, Secocha និង Urasqui នៅក្នុងស្រុក Mariano Nicolas Valcarcel ក្នុងខេត្តរ៉ែ Camana ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយវិទ្យាស្ថានការពារជនស៊ីវិល ហៅកាត់ថា (Indeci) ការស្លាប់ចំនួន ១៣នាក់បានកើតឡើងនៅ Secocha និង៤នាក់នៅ Urasqui និងម្នាក់នៅ Pampaylima ៕
ដោយ៖ ម៉ៅ បុប្ផាមករា