ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌា ស្នើឱ្យប្រជាជនឱបសត្វគោ នៅថ្ងៃបុណ្យ នៃក្តីស្រឡាញ់ Valentine’s Day

បរទេស៖ នាយកដ្ឋានសុខុមាលភាពសត្វដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យ ប្រារព្ធទិវានៃក្តីស្រឡាញ់នៅឆ្នាំនេះមិនមែនជាការប្រារព្ធពិធីបុណ្យមនោសញ្ចេតនាទេ ប៉ុន្តែជា “ទិវាឱបគោ” ដើម្បីលើក កម្ពស់តម្លៃហិណ្ឌូកាន់តែប្រសើរឡើង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាក្រុមប្រឹក្សាសុខុមាលភាព សត្វនៃប្រទេស ឥណ្ឌា បាននិយាយកាលពីថ្ងៃពុធថា “ការឱបគោនឹងនាំមកនូវភាពសម្បូរបែបនៃអារម្មណ៍ និងបង្កើនសុភមង្គលដល់បុគ្គល និងសមូហភាព” ។

អ្នកកាន់សាសនាហិណ្ឌូដែលគោរពបូជាសត្វគោជា ពិសិដ្ឋ ឬវិសុទ្ធ និយាយថា ថ្ងៃបុណ្យលោកខាងលិច គឺផ្ទុយនឹងតម្លៃប្រពៃណីឥណ្ឌា។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមអ្នកកាន់សាសនាហិណ្ឌូបានវាយឆ្មក់ចូលហាងនានាក្នុងទីក្រុងនានារបស់ឥណ្ឌា ដោយដុតកាត និងអំណោយ ហើយបានដេញគូស្នេហ៍ដែលកាន់ដៃគ្នាចេញពីភោជនីយដ្ឋាន និងសួនកម្សាន្ត ដោយនិយាយថា ទិវានៃក្តីស្រឡាញ់ គឺលើកកម្ពស់ភាពស្មោកគ្រោក។ ក្រុមនយោបាយតឹងរ៉ឹងដូចជា Shiv Sena និង Bajrang Dal និយាយថា សកម្មភាពបែបនេះត្រួសត្រាយផ្លូវដើម្បីបញ្ជាក់អត្តសញ្ញាណហិណ្ឌូឡើងវិញ។

ប្រជាជនឥណ្ឌាដែលមានការអប់រំវ័យក្មេងដោយមិនគិតពីសាសនារបស់ពួកគេ ជាធម្មតាបានចំណាយពេលថ្ងៃឈប់ សម្រាកទៅកំសាន្តនៅសួនច្បារ និងភោជនីយដ្ឋាន ផ្លាស់ប្តូរអំណោយគ្នា និងរៀបចំពិធីជប់លៀងដើម្បី អបអរដូចពិធីបុណ្យឥណ្ឌាផ្សេងទៀត ជាពិសេសចាប់តាំងពីប្រទេសឥណ្ឌាបានចាប់ផ្តើមដំណើរការ សេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០៕

ប្រែសម្រួលៈ ណៃ តុលា

To Top