ព័ត៌មានអន្តរជាតិ

ស៊ីរី បើកដំណើរការជម្រក ២៧៥កន្លែង ដើម្បីផ្ដល់ជូនជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី

ដាម៉ាស់ ៖ ក្រសួងរដ្ឋបាល និងបរិស្ថានបាននិឲ្យដឹងថា ជម្រកសរុបចំនួន ២៧៥កន្លែងត្រូវបានបើកនៅទូទាំងប្រទេសស៊ីរី ដោយទទួលជនរងគ្រោះ ពីការរញ្ជួយដី ដែលបានវាយប្រហារ ប្រទេស កាលពីថ្ងៃទី០៦ ខែកុម្ភៈ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងបាននិយាយថា ជម្រកចំនួន២៣៥កន្លែងត្រូវបានបើកនៅក្នុងខេត្ត Aleppo ភាគខាងជើង ៣២កន្លែង នៅខេត្ត Latakia ភាគពាយ័ព្យ ៥កន្លែងនៅក្នុងខេត្ត Hama និងពីរទៀតនៅក្នុងខេត្ត Tartous ។

សេចក្តីថ្លែងការណ៍​នោះ​ មិន​បាន​សរសេរ​លម្អិត​អំពី​ស្ថានភាព ​នៅ​តំបន់​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ខេត្ត Idlib និង​តំបន់​ជនបទ​ភាគ​ខាងជើង ​នៃ​ទីក្រុង Aleppo ឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិស៊ិនហួ ។

យោងតាមក្រសួងសុខាភិបាលស៊ីរី ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤១៤នាក់ ហើយអ្នករងរបួសដល់ទៅ ២៣៤៩ នាក់គិតត្រឹមល្ងាចថ្ងៃអាទិត្យ។ អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការរញ្ជួយដីនៅក្នុងប្រទេសស៊ីរី បានធ្វើឱ្យមនុស្សចំនួន ៥,៣ លាននាក់ផ្លាស់ទីលំនៅ។

ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសង្រ្គាមសិទ្ធិមនុស្សស៊ីរី បាននិយាយថា ចំនួនអ្នកស្លាប់ អាចលើសពី ៥៣០០ នាក់នៅក្នុងប្រទេសស៊ីរី ហើយចំនួនអាចកើនឡើងដល់ទៅ ៧០០០នាក់ ខណៈដែលមនុស្សជាច្រើន នៅតែកប់នៅក្រោមគំនរបាក់បែក៕

To Top