ពេលថ្មីៗ កន្លងទៅនេះ តាមការផ្សាយដំណឹង នៃទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុនឱ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមដាក់កំហិត ទៅលើការ នាំចេញគ្រឿង បរិក្ខារផលិតវត្ថុ ពាក់កណ្ដាលចម្លង (Semiconductor)ដ៏ជឿនលឿន ចំពោះប្រទេសចិន ចាប់ពីរដូវផ្ការីក ឆ្នាំនេះទៅ បន្ទាប់ពីសម្រេច ការធ្វើវិសោធនកម្មទៅលើ 《ច្បាប់អំពីរូបិយប័ណ្ណ និង ពាណិជ្ជកម្មបរទេស》 ។ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិគ្រោះពិភាក្សា ជាក់ស្តែងដែល បើកធ្វើនៅក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ភាគីទាំងបីសហរដ្ឋអាមេរិក ជប៉ុននិងហូឡង់ បានឈានដល់គំនិតឯកភាពរួម ដោយមានគោល បំណង ដាក់កំហិតទៅលើការនាំចេញគ្រឿង បរិក្ខារសម្រាប់ផលិតវត្ថុ ពាក់កណ្ដាលចម្លង ចំពោះប្រទេសចិន ។ បន្ទាប់ពីដំណឹងនេះ ផ្សាយចេញទៅ បង្កឱ្យមជ្ឈដ្ឋានមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ភាគីចិនបានសម្តែងការប្រឆាំង យ៉ាងដាច់ខាតចំពោះការនេះ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិក បានប្រព្រឹត្តទង្វើមួយចំនួនឥតឈប់ឈរ ដើម្បីទប់ស្កាត់ការអភិវឌ្ឍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កម្រិតខ្ពស់របស់ចិន ។ ក្នុងអំឡុងពេលរដ្ឋាភិបាល របស់លោកត្រាំ ក្រោមស្ថាន ការណ៍ ដែលគ្មានការពិតនិង ភស្តុតាងអ្វីសោះ សហរដ្ឋអាមេរិក បានប្រើប្រាស់កម្លាំងជាតិ ដាក់សម្ពាធ និងដាក់ទណ្ឌកម្ម ដោយគ្មានហេតុផល ទៅលើសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់របស់ចិន ដែលមានកម្លាំង ប្រកួតប្រជែងអន្តរជាតិ ។ បន្ទាប់ ពីលោក Joe Biden ឡើងកាន់មុខតំណែង ក៏ប្រើឧបាយកល អាក្រក់អំពី “ការផ្តាច់ទំនាក់ទំនង”ដូចគ្នាផងដែរ ។ សហរដ្ឋអាមេរិក មិនគ្រាន់តែ ដាក់ចេញសេចក្តី ព្រាងច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្ត្រនិង ប្រកាសពីបទបញ្ជាហាមឃាត់បន្ទះឈីប ចំពោះប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងក៏ដាក់កម្លាំង សម្ពាធទៅលើប្រទេស និងតំបន់ផ្សេងទៀត ដើម្បីបង្កើត “សម្ព័ន្ធបន្ទះឈីប”ដែលច្រានចោលប្រទេសចិន ក្នុងន័យពង្រឹង “ការឡោមព័ទ្ធខាងបន្ទះឈីប”ចំពោះប្រទេសចិន ។
រដ្ឋាភិបាលអាមេរិក “អូសទាញឬគំរាមកំហែង យ៉ាងគឃ្លើន”ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន នេះមិនត្រឹមតែបំផ្លាញ សិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសចិន ប៉ុណ្ណោះទេ ថែមទាំងក៏បំផ្លាញផលប្រយោជន៍ របស់សម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសផ្គត់ផ្គង់គ្រឿង បរិក្ខារវត្ថុពាក់កណ្ដាលចម្លងធំបំផុតដែលកាន់លំដាប់ថ្នាក់ពីទីមួយដល់ទីបីលើទូទាំងពិភពលោកគឺសហរដ្ឋអាមេរិក ជប៉ុននិងហូឡង់ ។ ការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មាន BBC បានដកស្រង់ទស្សនៈរបស់អ្នក ជំនាញថា ពេលមុននេះ ពាណិជ្ជករផលិតគ្រឿង បរិក្ខារវត្ថុពាក់កណ្ដាល ចម្លងរបស់ជប៉ុននិង ហូឡង់ បាននាំចេញបរិក្ខារជាច្រើន ទៅឱ្យទីផ្សារប្រទេសចិន ហើយប្រទេសចិនគឺជាអតិថិជនធំទីបី នៃក្រុមហ៊ុន ASML ដូច្នេះ តើសហរដ្ឋអាមេរិក នឹងបំពេញបន្ថែមការខូចខាត របស់សហគ្រាសទាំងនេះ ដែលបណ្តាលមកពីបម្រាមហាម ឃាត់ការនាំចេញតាមរបៀបណា វានឹងជាចំណុច សំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀងនេះ ។
ក្រៅពីនេះ ការដែលសហរដ្ឋអាមេរិក ដាក់កំហិត ទៅលើការនាំចេញគ្រឿងបរិក្ខារ ផលិតវត្ថុពាក់កណ្ដាលចម្លង ចំពោះប្រទេសចិន ក៏បានបង្កជាផលប៉ះពាល់ ដោយប្រយោលដល់ប្រទេសផ្សេងទៀត ដែលបូករួមទាំងអាល្លឺម៉ង់ផងដែរ។ ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានថ្លែងថា សហគ្រាសអាល្លឺម៉ង់ មួយចំនួននឹងរងការខូចខាតយ៉ាងខ្លាំង ។ តាមការផ្សាយដំណឹង នៃកាសែត《Junge Welt》 របស់អាល្លឺម៉ង់កាលពីថ្ងៃទី៦ ខែកុម្ភៈបានឱ្យដឹងថា ក្រុមហ៊ុន Carl Zeiss AG និងក្រុមហ៊ុន TRUMPF ដែលស្ថិត នៅរដ្ឋ Baden Wurdenburg របស់អាល្លឺម៉ង់ នឹងរងផលប៉ះពាល់ដោយផ្ទាល់ ។ “ប្រសិនបើនៅពេលអនាគត បរិមាណលក់ របស់ក្រុមហ៊ុន ASML បានធ្លាក់ចុះដោយសារទីផ្សារ នៅប្រទេសចិន កាន់តែតូចទៅ នោះ ក្រុមហ៊ុន Carl Zeiss AG និងក្រុមហ៊ុន TRUMPF ក៏នឹងរងផលប៉ះពាល់ដែរ ។”
អ្វីដែលកាន់តែគួរឱ្យអស់សំណើច នោះគឺ ក្រោមចេតនាភូមិសាស្ត្រ នយោបាយ ដែលប្រកបដោយភាពខុសទំនង រដ្ឋាភិបាលអាមេរិកសឹង តែមិនស្តាយលះ បង់ចោល ផលប្រយោជន៍ របស់សហគ្រាសប្រទេសខ្លួន ។ សមាគមអាជីវកម្ម វត្ថុពាក់កណ្ដាល ចម្លងរបស់អាមេរិក ដែលបានតំណាង ឱ្យក្រុមហ៊ុនបន្ទះឈីប៩៩ ភាគរយរបស់អាមេរិក ធ្លាប់ចេញផ្សាយរបាយការណ៍ថា ទង្វើរបស់សហរដ្ឋអាមេរិក ដែលដាក់សម្ពាធលើ ប្រទេសចិន ឥតឈប់ឈរប្រហែល នឹងបំផ្លាញផលប្រយោជន៍របស់ឧស្សាហកម្មវត្ថុ ពាក់កណ្ដាលចម្លង របស់អាមេរិកទាំងមូល ។ ឧទាហរណ៍ដូចជា បន្ទាប់ពីរដ្ឋាភិបាលអាមេរិក អនុវត្តការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ទៅលើមុខរបរបន្ទះឈីប និងស៊ូភើកុំព្យូទ័ររបស់ចិន ក្រុមហ៊ុនវត្ថុពាក់កណ្ដាលចម្លង ជាច្រើនរបស់អាមេរិកសឹងតែខាតបង់ប័ណ្ណភាគហ៊ុន ក្នុងតម្លៃប្រហែល២សែន៤ម៉ឺនលានដុល្លារ អាមេរិក ក្នុងពេលតែមួយយប់ ។ ក្រុមហ៊ុនប្រឹក្សាយោបល់ Boston ក៏ធ្លាប់ប៉ាន់ប្រមាណថា ប្រសិនបើក្រុងវ៉ាស៊ីនតោន ចចេសអនុវត្តការផ្តាច់ទំនាក់ទំនង ផ្នែកបច្ចេកវិទ្យា នោះក្រុមហ៊ុនបន្ទះឈីប អាមេរិកនឹងបាត់បង់កូតាទីផ្សារ សកលចំនួន១៨ភាគរយនិងចំណូល៣៧ភាគរយ ។
ដូច្នេះ អាចឃើញថា សហរដ្ឋអាមេរិកបង្ក “ការបញ្ឆោតអូសទាញនិងគំរាមកំហែងយ៉ាងគឃ្លើន” វាមិនត្រឹមតែបំផ្លាញ ក្បួនច្បាប់ទីផ្សារ និង សណ្តាប់ធ្នាប់ផ្នែក សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ បានវាយប្រហារខ្សែ សង្វាក់ឧស្សាហកម្មនិង ខ្សែសង្វាក់ផ្គត់ផ្គង់ សកលប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាល ឱ្យសហគ្រាស ប្រទេសខ្លួននិងសហគ្រាស របស់សម្ព័ន្ធមិត្តរងការខូចខាត យ៉ាងខ្លាំងផងដែរ ។
អ្នកនយោបាយអាមេរិក ដែលពោរពេញទៅដោយគំនិត អនុត្តរភាពប្រហែលបានធ្វេសប្រហែសការពិតជាក់ស្តែងមួយគឺ ពិតមែនតែសហរដ្ឋអាមេរិក បានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបំបិទខាងបច្ចេកវិទ្យា ចំពោះប្រទេសចិន ជាប់រហូតមកក្នុងរយៈពេលរាប់សិបឆ្នាំ កន្លងទៅនេះក៏ដោយ ក៏ប៉ុន្តែមិន ដែលបានរារាំង ប្រទេសចិនទទួលបានសមិទ្ធផល ដ៏ធំធេងក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់នោះឡើយ ។
ប្រសិនបើ សហរដ្ឋអាមេរិក បន្តប្រកាន់ខ្ជាប់គំនិតអនុត្តរភាព ប្រកាន់ខ្ជាប់ទង្វើឯកតោភាគី និយមនិងការពារនិយម ក៏ដូចជាបន្តបំផា្លញ របៀបរៀបរយនិងក្បួនច្បាប់មូលដ្ឋាន ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ នោះមុខជានឹងបំផ្លាញផល ប្រយោជន៍របស់ខ្លួនជាក់ជាមិនខាន ៕